ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានពន្យល់ថា ការសម្រេចផ្តល់ពានរង្វាន់ដល់ ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល ដោយសារបច្ចេកទេស ផលិតធនបត្រនេះ មានលក្ខណៈទំនើប និងប្រកបដោយសុវត្ថិភាពខ្ពស់ ក្នុងការការពារការក្លែងបន្លំ។
ថ្មីៗនេះ ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល ត្រូវបានស្ថាប័នអន្តរជាតិ Reconnaisance ជ្រើសរើសថា ជាធនបត្រថ្មីឆ្នើម ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ ក្នុងសន្និសីទការបោះពុម្ភធនបត្រ ប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ី (High Security Printing Asia) លើកទី១៨ នៅទីក្រុង Yokohama ប្រទេសជប៉ុន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានរៀបរាប់ថា ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល ដែលរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យធនាគារជាតិនៃកម្ពុជាបោះពុម្ព និងដាក់ឲ្យធ្វើចរាចរ ដើម្បីអបអរសាទរ ព្រះរាជពិធីគម្រប់ខួប១៥ព្រះវស្សា នៃការយាងគ្រងព្រះបរមរាជ្យសម្បត្តិរបស់ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឈ្នះពានរង្វាន់ជាធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៩។
ធនាគារជាតិបញ្ជាក់ថា «ការសម្រេចផ្តល់ពានរង្វាន់ដល់ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀលនេះ ដោយសារបច្ចេកទេសនៃ ការផលិតធនបត្ររបស់ធនាគារជាតិនៃកម្ពុជា មានលក្ខណៈទំនើប និងប្រកបដោយសុវត្ថិភាពខ្ពស់ក្នុងការការពារការក្លែងបន្លំ»។

ធនាគារជាតិបន្ដថា បន្ទាប់ពីមានការបើកប្រទេស និងការសម្រួលលក្ខខណ្ឌ ការធ្វើដំណើរមកប្រទេសកម្ពុជា លោក Antonio Cesario Riccio អនុប្រធានក្រុមហ៊ុននៃប្រទេសស្វីស បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និងបានប្រគល់ពានរង្វាន់ធនបត្រថ្មីឆ្នើម ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ មកធនាគារជាតិនៃកម្ពុជា ក្នុងនាមស្ថាប័នអន្តរជាតិ Reconnaissance ផងដែរ។
គួរបញ្ជាក់ថា ស្ថាប័នអន្តរជាតិ Reconnaissance គឺជាស្ថាប័នអន្តរជាតិឈានមុខគេលើពិភពលោក ផ្នែកឧស្សាហកម្មធនបត្រ ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស៕
