ព័ត៌មានជាតិ

សម្ដេចតេជោ៖ ឆ្នាំ២០២២ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជា អាចមានកំណើន ក្នុងអត្រា ៤,៨ភាគរយ (Video)

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ឈានចូលមកដល់ក្នុងរយៈពេល ២ថ្ងៃខាងមុខទៀតនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអបអរសាទរបុណ្យចូលឆ្នាំខ្មែរ ដោយបានជូនពរជូនរួមជាតិទាំងអស់ឲ្យមានសេចក្តីសុខ ក្រោយខកខាន២ឆ្នាំមកនេះ ។ សម្រាប់ចូលឆ្នាំខ្មែរ នៅឆ្នាំ២០២២ ក្នុងការប្រារព្ធឡើងវិញ សម្តេចលើកឡើងពីសេដ្ឋកិច្ចកម្ពុជាថា តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងអត្រា ៤,៨ភាគរយ ខណៈកម្ពុជាអនុវត្តគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ចប្រដោយភាពប្រុងប្រយ័ត្ន។

តាមសារលិខិតរបស់សម្តេចតេជោ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្ដាលឆ្នាំ២០២២នេះ កម្ពុជាក៏ដូចបណ្ដប្រទេស នៅលើពិភពលោកបាននិងកំពុងទទួលរងនូវ ផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ មកលើបញ្ហាសុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ដល់កិច្ចដំណើរការអភិវឌ្ឍឈានឡើង របស់កម្ពុជាផងដែរ។

សម្ដេចតេជោ បញ្ជាក់ថា «ក្នុងឆ្នាំ២០២១កន្លងទៅ សេដ្ឋកិច្ចកម្ពុជាមានកំណើនប្រមាណ២,៤% ហើយសម្រាប់ឆ្នាំ២០២២នេះ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងអត្រា ៤,៨%។ កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយ ភាពប្រុងប្រយ័ត្ន និងធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក»។

សម្ដេចតេជោបន្ដថា រាជរដ្ឋាភិបាល បានប្រកាសពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ ឲ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់វិនិយោគិនឲ្យ មកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈកម្ពុជាបានរៀបចំការ សម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូន វិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមិនមានការរើសអើង។ ទន្ទឹមនេះ ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលថ្មីៗនេះ នឹងរួមចំណែកបង្កើនបរិយាកាសវិនិយោគឲ្យ កាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន ៕

To Top