ព័ត៌មានជាតិ

សម្តេចតេជោ ៖ កម្ពុជា លើកទឹកចិត្តប្រទេសនានា ពន្លឿនចាក់វ៉ាក់សាំង បង្កើតភាពស៊ាំសហគមន៍ ដើម្បីជាវិធានឆ្លើយតប ដ៏ត្រឹមត្រូវ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា បានលើកទឹកចិត្តដល់បណ្ដាប្រទេសនានា ពន្លឿនការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសហគមន៍ ដែលជាវិធានការឆ្លើយតប ដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត។

ក្នុងពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ ពីប្រជាជន និងរដ្ឋាបាលឥណ្ឌា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាកោតសរសើរដល់សមាជិកនៃគំនិតផ្តួចផ្តើមចតុភាគី ក៏ដូចជាបណ្តាប្រទេសនានានៅជុំវិញសកលលោក ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទាំងក្នុងប្រទេសតំបន់ និងសកលលោកទាំងមូល ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងឆាប់រហ័សនៃ សកម្មភាពសង្គម-សេដ្ឋកិច្ច។

សម្ដេចតេជោបន្ដថា ទោះជាយ៉ាងនេះក្តី ក្នុងស្ថានភាពបច្ចុប្បន្ន មិនត្រូវភ្លេចខ្លួន ដោយប្រទេសជាច្រើននៅបន្តទទួលរងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងមិនទាន់អាចបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញបាននៅឡើយ។ ការអូសបន្លាយនៃការឆ្លងរាលដាល គឺជាហានិភ័យ សម្រាប់ទាំងអស់គ្នាដែលអាចបង្កឲ្យមានការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ ក៏ដូចជាការធ្លាក់ចូលទៅក្នុងវិបត្តិសង្គម-សេដ្ឋកិច្ច។

សម្ដេចតេជោបញ្ជាក់ថា «ក្នុងស្មារតីនេះ កម្ពុជា សូមលើកទឹកចិត្តឲ្យការជំរុញ និងពន្លឿនការចាក់វ៉ាក់សាំង បង្កើតភាពសុំសហគមន៍ដែលជាវិធានការឆ្លើយតប ដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត។ ជាក់ស្តែង ជាមួយស្មារតីបុរេសកម្ម និងកិច្ចខិតខំខ្នះខ្នែង ក្នុងការស្វែងរកវ៉ាក់សាំង និងការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង កាលពីខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាអាចសម្រេចបាននូវភាពសុំសហគមន៍ពេញលេញ ក្នុងរយៈពេលត្រឹមប្រមាណ ៨ខែប៉ុណ្ណោះ»។

សម្ដេចតេជោ បន្ថែមថា សមិទ្ធផលដ៏ត្រចះត្រចង់នេះ អនុញ្ញាតឲ្យកម្ពុជា បើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ និងអាចរក្សាដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ជាប្រក្រតីរហូតមកទល់ពេលនេះ ទោះបីជាមានការគំរាមកំហែងជាបន្តបន្ទាប់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) ដែលបានចម្លង ចូលទៅក្នុងសហគមន៍កម្ពុជា នៅដើមឆ្នាំ២០២២ នេះ ក៏ដោយ ។ សម្ដេចថា ការណ៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញពីប្រសិទ្ធ ភាពនៃវ៉ាក់សាំង ដែលអនុញ្ញាតឲ្យកម្ពុជាអាចរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ប្រកប ដោយភាពរឹងមាំ និងសុវត្ថិភាព ។

លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងថា នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា ៥,៣% នៅក្នុងឆ្នាំ២០២២ និង ៦,៥% នៅក្នុងឆ្នាំ២០២៣៕

To Top