ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវឱ្យពលរដ្ឋ ទៅចាក់វ៉ាក់សាំង ដូសជំរុញ មុនវិលត្រឡប់ចូលផ្ទះវិញ

ភ្នំពេញ៖ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ទទួលយកការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣ឬទី៤) នៅតាមទីកន្លែងដែលអាជ្ញាធរ បានរៀបចំជូន មុនពេលវិលត្រឡប់ចូលផ្ទះវិញ ក្រោយដើរកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

ការចេញមកអំពាវនាវ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលបែបនេះ គឺដើម្បីធ្វើឱ្យមានការធានាថា កម្ពុជាមានសុវត្ថិភាពគ្រប់គ្រាន់ ។

ថ្លែងនៅក្នុងពិធីអភិសេករូបសំណាក ព្រះថោង នាងនាគ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា «មុនពេលត្រឡប់ចូលផ្ទះវិញ សូមទទួលយលការចាក់វ៉ាក់សាំង នៅតាមទីកន្លែងដែលបានរៀបចំជូន នៅតាមបណ្ដាខេត្ត វត្តអារាម និងទីកន្លែងខ្លះទៀត ដោយមានការរៀបចំពីអាជ្ញាធរខេត្តទាំងឡាយ។»

សម្ដេចតេជោ ក៏បានឱ្យដឹងផងដែរថា បើទោះបីជាចូលឆ្នាំមានមនុស្សរាប់លាននាក់ ហើយទីកន្លែងខ្លះមានពពាក់ពពួនយ៉ាងខ្លាំងក៏ដោយ ក៏ប៉ុន្តែស្ថានភាពឆ្លង មិនទាន់ត្រូវបានមើលឃើញនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

ប៉ុន្តែទោះបីជាយ៉ាងណា សម្ដេចប្រាប់ឱ្យនៅរង់ចាំមើល ក្រោយចូលឆ្នាំខ្មែរ រយៈពេល១សប្ដាហ៍ឬ២សប្ដាហ៍ យើងអាចមើលឃើញថា កម្រិតនៃការឆ្លងមានរហូតដល់ណា ។

សម្ដេចថា ពេលនោះយើងនឹងចាត់វិធានការចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ ដែលកើតឡើងនៅពេលនោះ ។

សម្ដចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងទទួលយកនូវសំណូមពរនេះ តាមរយៈនៃការខិតខំទទួលយកវ៉ាក់សាំងដូសជំរុញ ដើម្បីធានាថា ប្រទេសរបស់យើងសុវត្ថិភាពគ្រប់គ្រាន់»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៨៥២,១៧១នាក់៕

To Top