ព័ត៌មានជាតិ

ដែនជម្រកសត្វព្រៃ ភ្នំណាមលៀរ កំពុងសិក្សាដើម្បីស្នើដាក់បញ្ចូល ក្នុងបញ្ជីសួនភូគព្ភសាស្ត្រនៃ UNESCO

ភ្នំពេញ ៖ ក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន សហការជាមួយអ្នកជំនាញ ផ្នែកសេដ្ឋកិច្ចសង្គម អ្នកជំនាញផ្នែកសត្វ និងរុក្ខជាតិ និងមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី កំពុងសិក្សាពីសក្ដានុពល នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដើម្បីស្នើដាក់បញ្ចូល ក្នុងបញ្ជីសួនភូគព្ភសាស្ត្រ (Geopark) នៃអង្គការ UNESCO។

តាមរយៈគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន នាថ្ងៃទី១៨ មេសា បានឲ្យដឹងថា អ្នកស្រាវជ្រាវ រកឃើញសម្បត្តិធនធានធម្មជាតិ ដូចជា ៖ សត្វព្រៃ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ និងទឹកជ្រោះជាច្រើនកន្លែង នៅដែនជម្រកសត្វព្រៃ ភ្នំណាមលៀរ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី

ក្រសួងបន្ដថា អ្នកស្រាវជ្រាវ ក៏បានធ្វើការបែងចែកជាក្រុម រួមមាន ៖ ក្រុមថនិកសត្វធំ ក្រុមប្រចៀវនិងជ្រឹង ក្រុមសត្វស្លាប ក្រុមល្មូននិងថលជលិក ក្រុមសត្វល្អិតក្នុងទឹក ពពួកសប្បីសត្វ (Mollusc) និងក្រុមរុក្ខជាតិ។ ក្រុមនីមួយៗបានប្រើប្រាស់វិធីសាស្រ្តសិក្សាទៅតាមជំនាញរៀងៗខ្លួន ដូចជា៖ ការដាក់កាមេរ៉ាថតរូបស្វ័យប្រវត្តិ ខ្សែបន្ទាត់ត្រង់ស៊ិក, ការដាក់អន្ទាក់មង (Mist nets) និងអន្ទាក់ចាប់តាមផ្លូវ (Harp-traps) នៅពេលយប់, ការស្តាប់សំលេង ការមើលដោយកែវឆ្លុះ (binoculars) ការប្រើប្រាស់សំណាញ់ដួសដោយដៃ ការដាក់ជម្រកសប្បនិមិ្មត (Artificial method) និងការជួបសម្ភាសន៍ផ្ទាល់ជាមួយប្រជាជននៅតំបន់នោះ។

ក្រសួងបរិស្ថាន បញ្ជាក់ថា «ក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន សហការជាមួយអ្នកជំនាញផ្នែកសេដ្ឋកិច្ចសង្គម អ្នកជំនាញផ្នែកសត្វ និងរុក្ខជាតិ និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រោមការគាំទ្រពីគម្រោង CAMPAS កំពុងធ្វើការសិក្សាពីសក្ដានុពលនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដើម្បីស្នើសុំដាក់បញ្ចូលក្នុងបញ្ជីសួនភូគព្ភសាស្ត្រ (Geopark) នៃអង្គការ UNESCO» ៕

To Top