ព័ត៌មានជាតិ

សម្តេចតេជោថា ចូលឆ្នាំខ្មែរឆ្នាំនេះ ប្រៀបបានព្រឹត្តិការណ៍ ៧មករា ១៩៧៩ ដែលពលរដ្ឋទើបរួចផុតពីរបបប៉ុលពត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា តាមការអង្កេត ការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ចត្វាស័ក ព.ស.២៥៦៦ឆ្នាំនេះ ប្រជាពលរដ្ឋខ្មែររួមទាំងភ្ញៀវទេសចរអន្តរជាតិ បានចូលរួមកម្សាន្តសប្បាយក្រៃលែង ដែលកាលនេះ ត្រូវបានសម្តេចប្រៀបធៀប ទៅនឹងព្រឹត្តិការណ៍ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខណៈកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតអីចឹងដែរ ។

ការប្រៀបធៀបនេះ ក្នុងឱកាសសម្តេច អញ្ជើញសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ពោលគឺក្រោយបញ្ចប់ពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរថ្មីៗនេះប៉ុណ្ណោះ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “កាលចូលឆ្នាំកន្លងទៅនេះ គឺអាចចាត់ទុកថា ជាការចូលឆ្នាំ ដែលខុសប្លែកពីធម្មតា គឺខ្ញុំគិតថា ហាក់ដូចជាបានប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ ៧មករា ១៩៧៩ ដែលប្រជាជនចេញពីរបបប៉ុលពត ។ បន្ទាប់ទៅក៏ប្រៀបធៀបបានទៅនឹងការបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាព និងការឯកភាពជាតិ តាមរយៈនយោបាយឈ្នះឈ្នះ ដែលប្រជាជនសាទរ នៅក្នុងការដែលប្រទេសមួយអត់សង្គ្រាម ។ ដល់ទៅថ្ងៃចូលឆ្នាំនេះ ហាក់ដូចជាប្រជាជនយើង ចេញពីការគៀបសង្កត់ រយៈពេលជាង២ឆ្នាំ នៃអាកូវីដ១៩ អត់បានចូលឆ្នាំ” ។

សម្តេចនាយករដ្ឋមន្ត្រីបន្តថា “ខ្ញុំបានប្រកាសតាំងពីខែ២ ថា ចូលឆ្នាំនេះ ខ្ញុំប្តូរផ្តាច់ និងចាត់តាំងការចូលឆ្នាំ ក៏ប៉ុន្តែនៅតែមានមនុស្សមួយចំនួន នៅតែសង្ស័យថាតើជិតដល់ចូលឆ្នាំតិចមានបញ្ហា សម្តេចអត់ឲ្យចូលឆ្នាំទៀតហើយ មានអ្នកភ័យព្រួយអីចឹង ។ យើងមានប្រជាជន យើងថា១៧លាននាក់ទៅចុះ ព្រោះគេដាក់ក្នុងស្ថិតិសម្រាប់ការតាមដានកូវីដ គេដាក់១៧លាននាក់ទៅហើយ ទេសចររបស់យើងមានទៅដល់ជាង៥លាននាក់ ដែលបានធ្វើដំណើរទូទាំងប្រទេស សម្រាប់ការកម្សាន្តសប្បាយ” ។

សម្តេចក៏បានលើកឡើង នូវបញ្ហាការកកស្ទះចរាចរណ៍ នៅថ្ងៃចុងក្រោយចូលឆ្នាំ ពោលគ្រប់បណ្តាផ្លូវទាំងអស់ ពោរពេញដោយការកកស្ទះ ក្រោយពលរដ្ឋសម្រុកវិលចូលទីក្រុង ឬទៅគេហដ្ឋានវិញ បន្ទាប់ពីដើរកម្សាន្តសប្បាយរីករាយ អស់រយៈពេល៣ថ្ងៃ ។

សម្តេចមានប្រសាសន៍ថា “គ្រប់ច្រកល្ហក់ទាំងអស់ បើថ្ងៃទី១៧ មេសាថ្ងៃចូលក្រុង ក្បាលនៅភ្នំពេញ កន្ទុយនៅសៀមរាប ស្ទះចរាចរណ៍ តែដល់អីចឹងទៅអត់សូវមានគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ព្រោះបើកតិចៗ ។ អ្នកមកដល់ភ្នំពេញ កន្ទុយនៅឯសៀមរាបឯណោះ នាំគ្នាមកត្រឹកៗ ខ្លះមកដល់ម៉ោង២យប់អី បានមកដល់ភ្នំពេញ ព្រោះមិនអាចបើកលឿនបាន ឡានវាច្រើនពេក គ្រប់ផ្លូវទាំងអស់” ។

សម្តេចបានសង្កត់ធ្ងន់ថែមទៀតថា “ក្នុងនោះ យើងមានការខិតខំទាំងអស់គ្នា ទាំងរដ្ឋទាំងរាស្ត្រ ចូលរួមជាមួយគ្នា ដើម្បីបង្កើតឲ្យមានស្ថានភាពល្អប្រសើរ ក្នុងប្រទេសរបស់យើង ហើយយើងចាត់តាំងចូលឆ្នាំបាន ។ បងប្អូនប្រជាពលរដ្ឋដែលកំពុងមើលផ្សាយបន្តផ្ទាល់ពីទីនេះ គង់នឹងយល់បានថា ឆ្នាំទៅ នៅក្នុងកាលៈទេសៈនៃឱកាសចូលឆ្នាំនោះ ខ្ញុំបានប្រកាសថា យើងកំពុងស្ថិតនៅក្នុងមាត់ជ្រោះមរណៈហើយ សូមអង្វរក បងប្អូននៅតាមផ្ទះ ព្រោះពេលនោះភាពសាហាវនៃកូវីដ១៩ គឺខ្លាំងមែនទែន គឺមួយថ្ងៃៗឆ្លងរាប់រយនាក់ ឡើងដល់ពាន់នាក់ ។ បើនិយាយគ្រាន់តែស្លាប់តែប៉ុន្មានខែនោះ អស់ជាង៣ពាន់នាក់ មិនមែនជារឿងលេងសើចទេ ធ្ងន់ធ្ងរណាស់សភាពការណ៍នោះ” ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានលើកឡើង ជុំវិញការខិតខំទប់ស្កាត់របស់រាជរដ្ឋាភិបាល ក្នុងការការពារប្រជាពលរដ្ឋ ពីជំងឺរាតត្បាតកូវីដ១៩ ដោយសម្តេចបានមានប្រសាសន៍ថា “បងប្អូនមកដល់ពេលនេះ បានដឹងថា ហ៊ុន សែន បានធ្វើកាលពីពេលមុន គឺដើម្បីអ្វី? ដើម្បីសេចក្តីសុខរបស់បងប្អូននៅពេលនោះ និងនាំមកនូវការសប្បាយរីករាយនៅពេលនេះ ។ ចឹងវិធានការទាំងឡាយដែលរាជរដ្ឋាភិបាលដាក់ចេញ ពិសេសគឺខ្លួនខ្ញុំផ្ទាល់តែម្តង ជួនកាលម៉ោង១១យប់ហើយ ចាប់ផ្តើមផ្ញើសារសំឡេងចេញ ដើម្បីសុំអង្វរកបងប្អូនប្រជាពលរដ្ឋរបស់យើងឲ្យមានការយោគយល់ ។ ឥឡូវបងប្អូនអាចយល់បានហើយ ជីវិតត្រូវបានការពារ ការរីករាលដាលដោយជំងឺឆ្លង មិនត្រូវបានវាយប្រហារតទៅទៀត ពេលនេះគឺបងប្អូនសប្បាយ សប្បាយលើសអ្វី គឺថាទម្លាប់ចូលឆ្នាំរបស់យើង មិនសប្បាយដូចឆ្នាំនេះនោះទេ សូម្បីតែខ្ញុំក៏សប្បាយនឹងគេដែរ ខ្ញុំបានហែលទឹក៣ថ្ងៃ វៃទាំងក្អមវៃទាំងអី ទៀត”៕

To Top