ព័ត៌មានជាតិ

ក្រសួងការងារ ក្រើនរំលឹកម្ចាស់រោងចក្រ សហការបន្ទាន់ ជាមួយអាជ្ញាធរ ចាក់វ៉ាក់សាំងដូសជំរុញ ជូនកម្មករ

ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំលឹកដល់រោងចក្រ សហគ្រាសទាំងអស់ ត្រូវសហការបន្ទាន់ជាមួយអាជ្ញាធរ ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញ ជូនកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាសរបស់ខ្លួន។

ការលើកឡើង របស់លោករដ្ឋមន្ដ្រី ក្រោយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីជូនព័ត៌មាន ស្តីពីការក្រើនរំលឹក ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤) របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក៏ដូចជា ដើម្បីបន្តប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ជាពិសេសនៅតាមរោងចក្រ សហគ្រាស។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារនាថ្ងៃទី២០ មេសា លោក អ៊ិត សំហេង បានថ្លែងថា «សូមក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវសហការជាបន្ទាន់ជាមួយអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញ (ទាំងដូស ទី៣ និងដូសទី៤) ជូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស»។

លោកបន្ដថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវគ្រប់គ្រងទិន្នន័យចាក់វ៉ាក់សាំង របស់កម្មករនិយោជិត និងបំពេញព័ត៌មានចាក់វ៉ាក់សាំង ទៅក្នុងរបបស្វ័យប្រកាស អធិការកិច្ចការងារតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh (ក្នុងករណីបងប្អូនកម្មករនិយោជិត មិនទាន់មានប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបំពេញឈ្មោះអក្សរកាត់ ជាអក្សរឡាតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំង តាមទម្រង់ដែលបានកំណត់ក្នុងប្រព័ន្ធ)៕

To Top