ព័ត៌មានជាតិ

ជប៉ុនបន្តផ្តល់ជំនួយសម្បទាន ក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅ នៅព្រះសីហនុ

ភ្នំពេញ ៖ លោក Kishida Fumio នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានប្រកាសគាំទ្រអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ព្រមទាំង បន្តផ្តល់ជំនួយសម្បទាន ក្នុងការអភិវឌ្ឍកំពង់ផែនេះ ជាបន្តទៀត។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លោក Kishida Fumio បានបញ្ជាក់ថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន មានការរីកចំរើនឡើងជាបន្តបន្ទាប់ ពិសេសវិស័យសន្តិសុខ និងលើវិស័យការពារជាតិ ជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្ស នៃកងរក្សា សន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ។

លោក ក៏បានអរគុណចំពោះប្រទេសកម្ពុជា ដែលអនុញ្ញាតនិងទទួលនាវាជើងទឹករបស់ជប៉ុនមកកាន់កម្ពុជានាពេលកន្លងទៅថ្មីៗនេះ ដែលដែលសកម្មភាពនេះ ជាការរួមចំនែកជួយពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិនៃប្រទេសទាំងពីរ។

លោក នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងបញ្ជាក់ថា “ប្រកាសបន្តគាំទ្រក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងបន្តការផ្តល់ជំនួយសម្បទាន ក្នុងការអភិវឌ្ឍកំពង់ផែនេះជាបន្តទៀត”។

ជាការឆ្លេីយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា ការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងជួយបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងការជំរុញនាំចេញផលិតផល កសិផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ និងការនាំចូលពីក្រៅប្រទេស ដោយមិនពឹងផ្អែកកំពង់ផែនៃប្រទេសនានាក្នុងតំបន់នោះទេ។

សម្តេចតេជោ សង្ឃឹមថា ជប៉ុននឹងបន្តជួយដល់កម្ពុជា ក្នុងកិច្ចសហការលើការប្រពន្ធ័ស្រោចស្រព និងទឹកស្អាតនៅប្រទេសកម្ពុជា។

សម្តេចតេជោ មានប្រសាសន៍ទៀតថា កម្ពុជា នឹងបន្តធ្វើការងារលើវិស័យការពារជាតិជាមួយប្រទេសជប៉ុនបន្ថែមទៀត សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ។ សម្តេចតេជោ បញ្ជាក់ថា កម្ពុជា នឹងបន្តស្វាគមន៏នាវាជើងទឹកជប៉ុន មកទស្សនកិច្ច និងចូលចត នៅកំពង់ផែរបស់កម្ពុជា៕

To Top