ព័ត៌មានជាតិ

ឃាត់ខ្លួន ពលរដ្ឋខ្មែរ ជិត១០០នាក់ បម្រុងឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ

ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងដាក់ចេញនូវបទបញ្ជាទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ ដូចជាបទល្មើសសេដ្ឋកិច្ច បទល្មើសគ្រឿងញៀននិងប្រជាពលរដ្ឋលួចឆ្លងដែនទៅប្រទេសជិតខាងដោយខុសច្បាប់ ។

យោងតាម អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជាក់ស្តែង នៅវេលាម៉ាង១៦និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ អមដំណើរដោយលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង វរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានដឹកនាំកម្លាំងប៉ុស្តិ៍ការពារព្រំដែនចំបក់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ បម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ចំនួន៩៥នាក់ ត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិល្វា ឃុំ បឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះថា៖ប្រជាពលរដ្ឋដែលបម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវទប់ស្កាត់ សរុបចំនួន៩៥នាក់ (ស្រី៣៩នាក់ កុមារ១១នាក់ )មកពី១០ខេត្តមាន៖១/-បន្ទាយមានជ័យចំនួន២១នាក់,២/-សៀបរាបចំនួន២៩នាក់,៣/-បាត់ដំបងចំនួន១៣នាក់,៤/-ឧត្តមានជ័យចំនួន០៥នាក់,៥/-កំពង់ធំចំនួន០២នាក់,៦/-កំពតចំនួន០៨នាក់,៧/-ព្រៃវែងចំនួន១០នាក់,៨/-តាកែវចំនួន០៣នាក់,៩/-ស្វាយរៀងចំនួន០៣នាក់និង១០/-ត្បូងឃ្មុំ ០១នាក់។

ផ្ទាំងពាណិជ្ជកម្ម

លោកមេបញ្ជាការបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់បន្ទាប់ពីធ្វើការសួរនាំនិងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី ។

ទាក់ទងនឹងប្រជាពលរដ្ឋដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃទាំង៩៥នាក់នេះដែរ លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានបញ្ជាក់ថា តាមបទបញ្ជារបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តាមរយៈ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកម៉ាឡៃធ្វើការអប់រំ និងធ្វើកិច្ចសន្យារួច ឲ្យពួគាត់វិលត្រឡប់ទៅរកការងារធ្វើស្រុកកំណើតវិញ ព្រោះការលួចឆ្លងដែនដោយខុសច្បាប់នេះ វាប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ។

ទាក់ទងនឹងបញ្ហាពលរដ្ឋឆ្លងដែននេះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានជំរុញដល់កម្លាំងនគរបាលស្រុកម៉ាឡៃ ស្រាវជ្រាវមុខសញ្ញាមេខ្សល់ដែលពាក់ព័ន្ធនាំមនុស្សឆ្លងដែនខុសច្បាប់ ដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោសផងដែរ ៕

To Top