ព័ត៌មានជាតិ

លោក លាង ដឺលុច៖ លោក ហ៊ុន ម៉ានី លេចមុខជួយកិច្ចការ ឪពុកជាសាធារណៈមុនគេ តាមរយៈជំនួយការផ្ទាល់

ភ្នំពេញ៖ សៀវភៅ “ក្តីសង្ឃឹម ហ៊ុន ម៉ានី» បានដាក់លក់ជាផ្លូវការហើយ កាលពីថ្ងៃ២៧ មេសា ។ លោក លាង ដឺលុច ដែលជាអ្នកកាសែតដ៏មានពិសោធន៍មួយរូប គឺជាអ្នកនិពន្ធសៀវភៅនេះឡើង ។ មូលហេតុលោកសរសេរសៀវភៅ ពីលោក ហ៊ុន ម៉ានី កូនប្រុសម្នាក់ក្នុងចំណោមបងប្អូនប្រុស ៣នាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីនោះ ដោយសារលោក ម៉ានី មានចំណុចដ៏គួរឲ្យចាប់អារម្មណ៍ គឺការលេចមុខជួយកិច្ចការឪពុក ជាសាធារណៈមុនគេ តាមរយៈជំនួយការផ្ទាល់ ។

ក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីការបោះពុម្ពផ្សាយសៀវភៅ “ក្តីសង្ឃឹម ហ៊ុន ម៉ានី» គេបានដាក់សំណួរថា ហេតុអ្វីបានជាលោក ដឺលុច សរសេរអំពីលោក ហ៊ុន ម៉ានី? លោកពន្យល់ថា “ក្នុងចំណោមកូនប្រុសទាំង៣របស់សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី លោក ហ៊ុន ម៉ានី បានលេចមុខជួយកិច្ចការឪពុក ជាសាធារណៈមុនគេ តាមរយៈតួនាទីជាជំនួយការផ្ទាល់។ បន្ទាប់មកស្រាប់តែលោក ម៉ានី ជាប់ឆ្នោតជាតំណាងរាស្ត្រដែលជាកិច្ចការនយោបាយជាន់ខ្ពស់តែម្ដង។ ទន្ទឹមគ្នានេះ លោក ម៉ានី មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវជន តាមរយៈសកម្មភាពសង្គម និងមនុស្សធម៌។ ខ្ញុំយល់ឃើញថា លោក ម៉ានី គឺជាអ្នកនយោបាយដ៏មានសក្តានុពល មួយរូបក្នុងពេលអនាគត ។ ដូច្នេះសម្រាប់គេគួរស្គាល់ និងយល់ពីលោក ហ៊ុន ម៉ានី» ។

លោកជឿជាក់ថា អ្នកអានប្រាកដជាបានស្គាល់ទឹកចិត្ត គំនិត សេចក្តីស្នេហាចំពោះប្រទេស និងប្រជាជនរបស់តួអង្គ ហ៊ុន ម៉ានី ដែលជាអ្នកនយោបាយបន្តវេនមួយរូប បានយ៉ាងច្បាស់។

លោក លាង ដឺលុច ជាសហស្ថាបនិកសារព័ត៌មានថ្មីៗមួយរូបដែរនោះ អះអាងថា «នៅពេលដែលលោកអ្នកអានសៀវភៅនេះ លោកអ្នកនឹងស្គាល់អំពីអត្តចរិត របៀបនៃការពិចារណារបស់លោក ហ៊ុន ម៉ានី, ជីវភាពខ្លះៗរបស់គ្រួសារ នាយករដ្ឋមន្ត្រី ជាពិសេសជីវិតរបស់លោក ម៉ានី»។

អ្នកនិពន្ធដដែលបន្តថា«តួអង្គហ៊ុន ម៉ានី ក៏រស់នៅក្នុងសម្ពាធ នៃការរិះគន់ពីមតិជាច្រើន ដែលសម្លឹងមើលលោកត្រឹមតែជាកូន នាយករដ្ឋមន្ត្រីដែលមានបុព្វសិទ្ធិជាច្រើន។ ផ្ទុយទៅវិញ ព្រោះតែជាកូនមេដឹកនាំកំពូលនេះហើយ ដែលលោក ម៉ានី ត្រូវធ្វើការកាន់តែច្រើន ដើម្បីកិត្តិយសគ្រួសារផង និងដើម្បីអាចបង្កើតបានកន្លែងឈរជើងសម្រាប់ខ្លួនឯង ក្នុងនាមជាអ្នកនយោបាយបន្តវេន ដ៏មានឥទ្ធិពលផង»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនិពន្ធ»។

អ្វីដែលជាលក្ខណៈពិសេសផងដែរ នៅក្នុងសៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» នេះ គឺអ្នកអានក៏អាចបានស្គាល់អំពី បុគ្គលលក្ខណៈខ្លះៗ របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការរៀបរាប់ពិពណ៌នារបស់លោក ហ៊ុន ម៉ានី។

សៀវភៅ “ក្ដីសង្ឃឹម ហ៊ុន ម៉ានី» បានបោះពុម្ពផ្សាយចំនួន ១០ ០០០ ច្បាប់ ដែលសារព័ត៌មានឌីជីថលថ្មីៗ បានទទួលសិទ្ធិពីអ្នកនិពន្ធ ដើម្បីបោះពុម្ពផ្សាយលក់លើទីផ្សារ ។ បន្ទាប់ពីបានតាមដាន និងសង្កេតសកម្មភាពរបស់លោក ម៉ានី តាំងពីឆ្នាំ២០១៣មក អ្នកនិពន្ធបានប្រើរយៈពេល២ឆ្នាំ (២០២០-២០២១) ដើម្បីនិពន្ធសៀវភៅនេះឡើង ។ លោក ដឺលុច បានជួបសម្ភាសន៍ លោក ម៉ានី ជាច្រើនដង ព្រមទាំងអ្នកដែលធ្លាប់ស្គាល់ និងធ្វើការងារជាមួយលោក ម៉ានី ទៀតផង ដើម្បីប្រមូលព័ត៌មានអំពីលោក ម៉ានី៕

To Top