ព័ត៌មានជាតិ

បុរសម្នាក់ លោតពីលើអាគារ កាស៊ីណូឃីងក្រោន ក្រុងបាវិត ដោយមិនដឹងមូលហេតុ ស្លាប់

ស្វាយរៀង ៖​មានការភ្ញាក់ផ្អើលដល់សន្តិសុខ និងបុគ្គលិកកាស៊ីណូ ខណៈបុរសម្នាក់ លោតពីលើអាគារកាស៊ីណូឃីងក្រោន ត្រូវបុគ្គលិករួមការងារ ប្រញាប់ប្រញាល់ជួយសង្គ្រោះ ដឹកមកកាន់មន្ទីរពេទ្យ តែបានដាច់ខ្យល់ស្លាប់ កាលពីវេលាម៉ោង៥និង២៥នាទីទៀបភ្លឺ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងបរិវេណកាស៊ីណូឃីងក្រោន ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ TRINH CONG HUAN ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅខេត្តថាន់ហ័រ ប្រទេសវៀតណាម។

សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានឲ្យដឹងទៀតថា មានបុគ្គលិកក្រុមហ៊ុនម្នាក់ ធ្លាក់ពីលើអគារក្រុមហ៊ុន (អគារQ)ជាន់ទី៥ ស្ថិតក្នុងបរិវេណកាស៊ីណូឃីងក្រោន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយខាងក្រុមហ៊ុន បានដឹកមកព្យាបាលនៅគ្លីនិកសោភ័ណ្ឌអូវ៉ាង ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ដោយឃើញមានសភាពធ្ងន់ធ្ងរ ក៏បញ្ជូនបន្តនៅមន្ទីរពេទ្យខេត្តស្វាយរៀង ប៉ុន្តែជាអកុសលបានស្លាប់ លើរថយន្តបាត់ទៅហើយ។

បច្ចុប្បន្នសព ត្រូវបានដឹកយកមកទុក នៅក្នុងវត្តពោធិ៍ថ្មី ដើម្បីរងចាំសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ធ្វើការពិនិត្យកោសល្យបច្ច័យបន្តទៀត៕

To Top