នយោបាយ

លោក សុខ ឥសាន៖ គណបក្សភ្លើងទៀន នឹងរលត់មុនការបោះឆ្នោត

ភ្នំពេញ៖ គណបក្សភ្លើងទៀនទើបតែ បានចាប់កំណើតក្នុងរយៈពេលប៉ុន្មានខែមកនេះ ក្រោយមានអតីតក្រុមមន្រ្តីជាន់ខ្ពស់ របស់អតីតគណបក្សសង្រ្គោះជាតិដូចជា លោក សុន ឆ័យ និងថាច់ សេដ្ឋា បានមកជ្រកក្រោមទ្រនំ ដើម្បីធ្វើសកម្មភាពនានាចូលរួម បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងជាលក្ខណៈដាក់ទំនាយទុកជាមុនថា គណបក្សភ្លើងទៀន នឹងរលត់មុនការបោះឆ្នោត។

មូលហេតុដែលលោក សុខ ឥសាន អះអាងថា នឹងរលត់មុនការបោះឆ្នោតឈានមកដល់ ដោយសារលោកមើលឃើញថា មានបេក្ខជននិងសមាជិក-សមាជិកា របស់គណបក្សប្រឆាំងមួយនេះ បានស្ម័គ្រចិត្តមកចូលរួមជីវភាព នយោបាយជាមួយគណបក្សកាន់អំណាច ជាហូរហែរក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ ។

លោក សុខ ឥសាន តាមរយៈបណ្តាញសង្គមតេឡេក្រាមនាថ្ងៃ២ ឧសភា នេះ បានលើកឡើងពីបេក្ខជនបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់បក្សភ្លើងទៀន នៅភ្នំពេញចំនួន៧៨រូប បានសុំចូលរួមជីវភាពនយោបាយ ជាមួយបក្សកាន់អំណាច ដោយស្មារតីភ្ញាក់រលឹកនយោបាយ គ្មានការបង្ខិតបង្ខំ។

លោកថា ក្នុងនោះ បេក្ខជនបក្សភ្លើងទៀន២រូប និងសកម្មជនជាង ១០០០នាក់ នៅខេត្តត្បូងឃ្មុំ ក៏បានមកចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារបាត់ជំនឿពីភ្លើងទៀន និងមានក្តីសង្ឃឹមលើ នយោបាយបក្សប្រជាជនកម្ពុជា។ ចំណែក សកម្មជនអតីតបក្សប្រឆាំង១៣៦នាក់ នៅខេត្តកំពង់ឆ្នាំង បានមករួមរស់ជាមួយបក្សប្រជាជនកម្ពុជា មកដោយស្មារតីភ្ញាក់រលឹកផងដែរ។ គ្រាន់តែសរុបចំនួនបេក្ខជន និងសមាជិក-សមាជិកាមកចូលរួមជា គណបក្សកាន់អំណាចប៉ុន្មានថ្ងៃនេះ មានជាង១២០០នាក់។

លោក សុខ ឥសាន គូសបញ្ជាក់ថា “បេក្ខជនមួយចំនួនរបស់ភ្លើងទៀនត្រូវ គ.ជ.ប លុបឈ្មោះដោយកំហុសផ្លូវច្បាប់ ហើយសកម្មជនភ្លើងទៀន រយនិងពាន់នាក់ ភ្ញាក់រលឹកមកចូលរួមជាមួយស៊ីភីភី ។ បើម្លឹងៗភ្លើងទៀន នឹងរលត់មុនបោះឆ្នោតជាមិនខាន” ៕

To Top