ព័ត៌មានជាតិ

សម្ដេចតេជោ លើកទឹកចិត្តរដ្ឋាភិបាល ទីក្រុងណៃពីដោ សម្របសម្រួលបន្ថែមទៀត ដើម្បីប្រតិបត្តិការផ្ដល់ជំនួយមនុស្សធម៌ ដំណើរការប្រសិទ្ធភាព និងទាន់ពេលវេលា

ភ្នំពេញ៖ នៅក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឲ្យរដ្ឋាភិបាលទីក្រុងណៃពីដោ ធ្វើការសម្របសម្រួលបន្ថែមទៀតដើម្បីឲ្យប្រតិបត្តិការផ្ដល់ជំនួយមនុស្សធម៌ដំណើរការប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

យោងតាមសេចក្តី ប្រកាសរបស់ក្រសួងការបរទេសនិងអន្តរជាតិ ស្ដីពីលទ្ធផលនៃជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោនិង លោក មីន អោងឡាំង នៅថ្ងៃទី២ ខែឧសភា បានឲ្យដឹងថា ស្របពេលនឹងការស្វាគមន៍ចំពោះសុច្ឆន្ទៈដែលបានបង្ហាញដោយនាយឧត្តមសនីយ៍ ជាន់ខ្ពស់ មីង អោង ឡាំង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃ ការជៀសឲ្យបាននូវការប្រើកម្លាំង ជ្រុលហួសហេតុ នៅក្នុងការថែរក្សាច្បាប់ និងសណ្តាប់ធ្នាប់នៅក្នុងសង្គម។

ប្រភពដដែលបញ្ជាក់ថា «សម្តេចតេជោ ក៏បានលើកទឹកចិត្តឲ្យរដ្ឋាភិបាលទីក្រុងណៃពីដោ ធ្វើការសម្របសម្រួលបន្ថែមទៀតដើម្បី ឲ្យប្រតិបត្តិការផ្ដល់ជំនួយមនុស្សធម៌ដំណើរការប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាតិវសស នៅក្នុងតំបន់ជម្លោះ ដែលនេះមិនត្រឹមតែជួយសម្រាលទុក្ខលំបាករបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្ដែជែមទាំង ជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយអំពើហិង្សា និងការកសាងទំនុកចិត្តក្នុងការបង្កើតកិច្ចសន្ទនា សន្តិភាពប្រកបដោយបរិយាបន្នផងដែរ»។

នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច របស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងការសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ ដែលអាចអនុវត្តនៅ ដំណាក់កាលដំបូងក្នុងតំបន់សាកល្បងចំនួនពីរ ក៏ដូចជាតំបន់ និងរដ្ឋចំនួនប្រាំដទៃទៀត ដែលត្រូវបាន កំណត់ថាជាតំបន់អាទិភាពសម្រាប់ប្រតិបត្តិការមនុស្សធម៌។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សម្រាប់យុទ្ធនាការផ្តល់ជំនួយ មនុស្សធម៌ និងការចាក់វ៉ាក់សាំងនៅក្នុងតំបន់សាកល្បង ដែលអាចនឹងពង្រីកជាជំហានៗទៅកាន់តំបន់ ផ្សេងៗទៀតនាពេលអនាគត។

ពាក់ព័ន្ធនឹងកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង បានបញ្ជាក់ថា ប្រធានក្រុមការងារមីយ៉ាន់ម៉ាសម្រាប់ការសម្របសម្រួលជំនួយមនុស្សធម៌ នឹងដឹកនាំគណៈប្រតិភូមកចូលរួមនៅក្នុងកិច្ចប្រជុំនេះ។

នាឱកាសជំនួបនេះដែរ សម្តេចតេជោស្វាគមន៍ចំពោះការដោះលែងអ្នកទោសជាង ១៦០០ នាក់ នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់មីយ៉ាន់ម៉ា ពីខែមេសា និងបានរំលឹកឡើងវិញពីសំណើរបស់សម្តេចតេជោកន្លងមក ដែលសុំដោះលែងអ្នកទោស នយោបាយទាំងអស់ រួមទាំងសាស្ត្រាចារ្យជនជាតិអូស្ត្រាលី ស៊ន ជើននែល (Sean Turnell) ផងដែរ។ សម្ដេចក៏បានស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពីសំណាក់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងការសម្រប សម្រួលដំណើរទស្សនកិច្ចលើកទី២របស់ប្រេសិតពិសេស នៃប្រធានអាស៊ាន នៅមីយ៉ាន់ម៉ា ដែលអាចនឹងធ្វើឡើងនៅចុងខែឧសភានេះ៕

To Top