នយោបាយ

Update ៖ សម្តេចតេជោថា គ្មានភាពចាំបាច់អ្វី ដែលអ្នកគាំទ្រសម្តេច ទៅធ្វើបាតុកម្មតបត នឹងអ្នកប្រឆាំង នៅវ៉ាស៊ីនតោន (Video)

ភ្នំពេញ ៖ តាមគម្រោងគិតទុកជាមុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងក្រុមគណៈប្រតិភូកម្ពុជា នឹងអញ្ជើញ ទៅដល់សហរដ្ឋអាមេរិក នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសទៅដល់សម្តេច នឹងឆ្លៀតឱកាសជួបប្រជាពលរដ្ឋខ្មែរ រស់នៅអាមេរិកផងដែរ បន្ទាប់មកនៅថ្ងៃ១១ ឧសភា សម្តេចនឹងជួបពលរដ្ឋខ្មែរ បន្តទៀតជាលក្ខណៈទ្រង់ទ្រាយធំតែម្តង គឺជួបប្រហែលជា១ពាន់នាក់ ប៉ុន្តែក្នុងពេលសម្តេច បានទៅដល់អាមេរិកនោះ ក៏មានបុគ្គលមួយចំនួនបានរៀបចំ គម្រោងធ្វើបាតុកម្មប្រឆាំង វត្តមានសម្តេចផងដែរ ។ អ្វីដែលសម្តេចចង់លើកឡើង អំពីគ្រោងការណ៍ធ្វើបាតុកម្មប្រឆាំង វត្តមានសម្តេចពីសំណាក់ក្រុមប្រឆាំងនោះ គឺសម្តេចបានផ្តាំ ទៅអ្នកគាំទ្រថា កុំចាំបាច់ធ្វើបាតុកម្មតបត ព្រោះគ្មានភាពចាំបាច់ណាមួយនោះទេ ព្រោះអ្នកគាំទ្រមានច្រើនណាស់ ។

អ្នកប្រឆាំងនឹងធ្វើ បាតុកម្មប្រឆាំង វត្តមានសម្តេច នៅរដ្ឋធានីវ៉ាស៊ីន សហរដ្ឋអាមេរិក ជាទីកន្លែងសម្តេចនឹង អញ្ជើញចូលរួមកិច្ច ប្រជុំកំពូល អាមេរិក-អាស៊ានចាប់ ពីថ្ងៃ១២-១៣ ឧសភា ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រឡងជាប់និទ្ទេស A នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា សម្រាប់ដំណើរទៅអាមេរិក នៅថ្ងៃ១០ ឧសភា ខាងមុខ សម្ដេចថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរនៅអាមេរិក បានចេញវិដេអូរង់ចាំស្វាគមន៍ ដំណើរទស្សនកិច្ច របស់សម្ដេចទៅអាមេរិក ។

សម្ដេចគូសបញ្ជាក់ថា «ខ្ញុំក៏រង់ចាំមើលដែរថា តើអ្នកធ្វើបាតុកម្មប្រឆាំងខ្ញុំ មានគ្នាប៉ុន្មាន? ឯខ្ញុំ មិនលើកទឹកចិត្តឲ្យបងប្អូនដែលមកទទួលខ្ញុំ ធ្វើបាតុកម្មតបតជាមួយគេទេ សូមអង្វករចំពោះបងប្អូន បងៗ ឬប្អូន ឬក្មួយ ឬចៅ ដែលមកទទួលខ្ញុំនោះ មិនចាំបាច់ ឃើញគេធ្វើបាតុកម្ម ប្រឆាំងខ្ញុំ ហើយយើងទៅធ្វើបាតុកម្មតបតគេទេ គ្មានការចាំបាច់ ដើម្បីធ្វើរឿងបែបនេះទេ»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចបន្ដថា គណបក្សប្រជាជនកម្ពុជា ឬរាជរដ្ឋាភិបាលកម្ពុជា មានអ្នកគាំទ្រនៅក្រៅប្រទេស ដែលជានិច្ចជាការមានទំហំធំជាង ចំនួនអ្នកធ្វើបាតុកម្មប្រឆាំងសម្ដេច។ សម្ដេចថា អ្នកធ្វើបាតុកម្មប្រឆាំងដំណើរ របស់សម្ដេចនៅអាមេរិក គឺប្រឆាំងទៅនឹងលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក ព្រោះសម្ដេច ជាភ្ញៀវរបស់លោក ចូ បៃឌិន ។

នាឱកាសនោះដែរ សម្ដេចតេជោក៏បានលើកឡើងទៀតថា នៅយប់ថ្ងៃទី២០ ឧសភា សម្ដេច នឹងចេញពីកម្ពុជាទៅប្រទេសស្វីស ហើយនៅល្ងាចថ្ងៃដដែល សម្ដេច ក៏នឹងជួបពលរដ្ឋខ្មែរនៅទីនោះ ដែលមកពី អឺរ៉ុបផងដែរ។

សម្ដេចបញ្ជាក់ទៀតថា «នេះជាការជូនដំណឹងរបស់ខ្ញុំ អ្នកចង់ធ្វើបាតុកម្មប្រឆាំងខ្ញុំ រៀបចំបាតុកម្មពីចម្ងាយឲ្យហើយទៅ» ៕

To Top