ព័ត៌មានជាតិ

កម្ពុជា ស្នើបារាំង ពិនិត្យលទ្ធភាពឡើងវិញ លើការសិក្សាប្រព័ន្ធឡាន ដឹកជញ្ជូនប្រើផ្លូវដែក ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ពិនិត្យលទ្ធភាពឡើងវិញ លើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ។

កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jacques Pellet ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា ដោយមានការអមដំណើរពីលោក Philippe Baudry ទីប្រឹក្សាសេដ្ឋកិច្ច លោកស្រី Ophelie Bourhis នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និងលោក Liv RIthyra មន្ត្រីទទួលបន្ទុកសេវាសេដ្ឋកិច្ចរបស់ស្ថានទូត ។

ក្នុងជំនួបនោះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីការតភ្ជាប់ បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេសគម្រោងផ្លូវថ្នល់ ដែលបាននិងកំពុងធ្វើឲ្យប្រសើរឡើង ពីផ្លូវពីរគន្លងទៅបួនគន្លង ការធ្វើឲ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC) និងធ្វើសមាហរណកម្ មតភ្ជាប់ទៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌទូទាំងប្រទេស ឲ្យមានជីវភាពសំបូររុងរឿង និងមានការងារធ្វើគ្រប់ៗគ្នា។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបពីគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន៖ ផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម និងការសិក្សាគម្រោងប្រព័ន្ធ ប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា «ស្នើឲ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ពិនិត្យលទ្ធភាពឡើងវិញ លើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ» ។

លោកទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរ និងបានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យ កាន់តែជិតស្និទ្ធរវាងកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) កាន់តែប្រសើរឡើងថែមទៀត ៕

To Top