ព័ត៌មានជាតិ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រាប់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានថា កម្ពុជាប្តេជ្ញារក្សាការបើកចំហទីផ្សារ សម្រាប់លំហូរទំនិញសំខាន់ៗ

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់គណៈប្រតិភូនៃ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានថា កម្ពុជាប្តេជ្ញារក្សាការបើកចំហទីផ្សារ សម្រាប់លំហូរនៃទំនិញសំខាន់ៗ ដូចជា វត្ថុធាតុដើម គ្រឿងឧបភោគបរិភោគ ផលិតផលឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រជាដើម។

ក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត ម៉ៃឃើល មីឆាឡាក់ អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគមកពីសហរដ្ឋអាមេរិក កាលពីថ្ងៃ៤ ឧសភា លោក ប៉ាន សូរស័ក្តិ បានថ្លែងថា បច្ចុប្បន្នអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាមានជាង ៩៣% នៃចំនួនប្រជាជនសរុប១៦លាននាក់ ខណៈបច្ចុប្បន្នកម្ពុជាកំពុងបើកដំណើរការសាកលវិទ្យាល័យ សាលារៀន អាជីវកម្ម ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចសង្គមផ្សេងៗទៀតឡើងវិញ។

លោករដ្ឋមន្ត្រីលើកឡើងទៀតថា «កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរួមសហការជាមួយវិស័យឯកជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយធានាថា ពាណិជ្ជកម្មឆ្លងដែននឹងមិនមានការរំខានដោយសារវិធានការរឹតត្បិតដែលអាចកើតមានដោយជំងឺកូវីដ-១៩ ជាពិសេស កម្ពុជាប្តេជ្ញារក្សាការបើកចំហទីផ្សារសម្រាប់លំហូរនៃទំនិញសំខាន់ៗ ដូចជា វត្ថុធាតុដើម គ្រឿងឧបភោគបរិភោគ ផលិតផលឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ ជាដើម» ។

លោករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់លើទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទោះបីជាមានការប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងគួរឲ្យកត់សំគាល់ នៅក្នុងឆ្នាំ២០២១ ដោយទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកសម្រេចបាន ៧,៨ប៊ីលានដុល្លារ កើនឡើងប្រមាណ ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សរុបជាទឹកប្រាក់ប្រមាណ៥,៥ប៊ីលានដុល្លារ ។

លោកបន្ថែមថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ានលើកទី៣ ក្រោមប្រធានបទ “ASEAN Addressing Challenges Together” និងក្រោមសសរស្តម្ភសេដ្ឋកិច្ច កម្ពុជានឹងដឹកនាំអាស៊ានឲ្យពង្រឹងដំណើរការសមាហរណកម្មក្នុងតំបន់ និងពិភពលោក ហើយងើបចេញពីជំងឺរាតត្បាតកាន់តែខ្លាំង ដោយរួមបញ្ចូល ភាពប្រកួតប្រជែង ភាពធន់ និរន្តរភាព និងសមភាព ក្រោមការជំរុញជាយុទ្ធសាស្រ្តសំខាន់ៗចំនួន ៤ រួមមាន៖ (១) ការលើកកម្ពស់ការតភ្ជាប់ឌីជីថល វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (២) ការបង្រួមគម្លាតអភិវឌ្ឍន៍សម្រាប់ភាពប្រកួតប្រជែងរបស់អាស៊ាន (៣) ការលើកកម្ពស់សមាហរណកម្មកាន់តែច្រើន រួមបញ្ចូល ភាពស្អិតរមួត ធន់ និងការប្រកួតប្រជែង (៤) ការពង្រឹងអាស៊ានសកលសម្រាប់កំណើន និងការអភិវឌ្ឍន៍។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតថា កម្ពុជាមានអត្រាអ្នកទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខ្ពស់បំផុតនៅក្នុងអាស៊ាន ពោលគឺប្រជាជន ៩៥% បានទទួលថ្នាំបង្ការ ដែលជាសក្ខីភាពមួយដល់រដ្ឋាភិបាលកម្ពុជា និងការគាំទ្រដ៏ធំធេងសម្រាប់ការស្តារសេដ្ឋកិច្ចបន្ថែមទៀត៕

To Top