ព័ត៌មានជាតិ

PATA ព្យាយាមជំរុញ និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម-ថៃ លើកស្ទួយវិស័យទេសចរណ៍

ថៃឡង់ដ៏ ៖ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិក (PATA) ប្រចាំកម្ពុជា បានដឹកនាំសមាជិក របស់ខ្លួន ចូលរួមកិច្ចប្រជុំរួមមួយ រវាងវិស័យទេសចរណ៍ឯកជន មានកម្ពុជា-វៀតណាម-ថៃ ក្នុងគោលបំណងជំរុញ និងពង្រីកទំនាក់ទំនង រវាងប្រទេសទាំងបី ដើម្បីឲ្យវិស័យទេសចរណ៍ ងើបឡើងវិញក្រោយធ្លាក់ចុះ នាពេលកន្លងមក ដោយសារជំងឺរាតត្បាតកូវីដ ។

ប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ Cambodia-Vietnam-Thailand Economic Corridor Cooperation Conference នៅអាគារ BITEC ទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ប្រធានសមាគនទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញ ទស្សនទានថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បើកឲ្យដំណើរការប្រទេស ទាំងសេដ្ឋកិច្ច និងសង្គមឡើងវិញ ក្នុងប្រក្រតីភាពថ្មីនេះ ក្នុងនាមសមាគម ត្រូវតែខិតខំជំរុញ បន្ថែមនូវសកម្មភាពនានា ធ្វើយ៉ាងណាឲ្យវិស័យ ទេសចរណ៍កម្ពុជា មានការផ្សារភ្ជាប់ឡើងវិញជាមួយបណ្តាប្រទេសដទៃ តាមរយៈការពង្រីក និងពង្រឹងទំនាក់ទំនងនានា រវាងវិស័យឯកជន និងវិស័យឯកជន ។

លោក ធួន ស៊ីណាន បានលើកឡើងថា “ពួកយើងទាល់តែចាប់ផ្តើមដោយខ្លួនឯង នៅក្នុងតំបន់នេះ ជួយគ្នាទៅវិញទៅមក បញ្ជូនភ្ញៀវទៅវិញទៅមក ទាំងអស់នេះ គឺជាអ្វីដែលយើងកំពុងធ្វើ នឹងកំពុងចូលរួម នៅប្រទេសថៃនេះដូចគ្នាដែរ ។ ពេលនេះយើងមាន៣ប្រទេស យើងកុំគិតថា យើងជាគូប្រជែងគ្នា យើងកុំគិតថា អ្នកឯងក៏មានខ្ញុំក៏មាន យើងត្រូវនិយាយ អំពីការចែករំលែក ការផ្លាស់ប្តូរ យើងនិយាយពីការរួមគ្នាផ្សព្វផ្សាយ ។ ទីផ្សារតែមួយសម្រាប់គោលដៅ៣ ទាំងអស់នេះ ជាចំណុចសំខាន់មែនទែន សម្រាប់កម្ពុជាយើង ចូលរួមនៅក្នុងកាលទេសៈថ្មីនេះ ខ្ញុំជឿជាក់ថា មានតែមធ្យោបាយផ្សព្វផ្សាយ ពាណិជ្ជកម្មរួមគ្នា ជួយគ្នាជំរុញទេសចរណ៍ ពីម្ខាងទៅម្ខាង ។ មានន័យថាចេញពីជ្រុងមួយ ទៅជ្រុងមួយ ដែលអាចបង្កលក្ខណៈ ងាយស្រួល និងធ្វើឲ្យមានលំហូរចរាចរទេសចរណ៍បានច្រើន” ។

លោកបន្តទៀតថា “តាមរយៈទេសចរណ៍នេះ នឹងបង្កើនផលិតផលផ្សេងៗទៀត ដូច្នេះច្រកព្រំដែន នៅប្រទេសជុំវិញយើង មានវៀតណាម ថៃជាដើមនេះ ជាចំណុចខ្លាំងមែនទែន ដូច្នេះហើយទើបសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ព្យាយាមជំរុញ ព្យាយាមទំនាក់ទំនងប្រមូលផ្តុំ ប្រទសជុំវិញយើងនឹងមកធ្វើការរួមគ្នា ដើម្បីចែករំលែកនូវភាពជោគជ័យថ្មីៗជាមួយគ្នា ។ យើងចែករំលែក និងជួយគ្នាងើបឡើងវិញ ពីវិបត្តិដែលកំពុងកើតមាន” ។

ប្រធានសមាគម PATA កម្ពុជា បានមានប្រសាសន៍ថា “ប្រសិនជាប្រទេសកម្ពុជា បើកទូលំទូលាយខ្លួនឯង ក៏ប៉ុន្តែប្រទេសជុំវិញយើងនៅមានភាពតឹងរឹង នៅមានភាពលំបាក ចឹងយើងក៏មិនអាចរីកចម្រើនតែឯងបានដែរ ព្រោះយើងត្រូវការពឹងពាក់គ្នាទៅវិញទៅមក ដូច្នេះសម្រាប់ខ្ញុំស្នើសុំឲ្យប្រទេសទាំងបីនេះ ធ្វើយ៉ាងណា ឲ្យមានគោលនយោបាយព្រំដែន ប្រហាក់ប្រហែលគ្នាដែលអាចជំរុញ និងជួយគ្នាទៅវិញទៅមកបាន” ។

គួរឲ្យដឹងថា ក្នុងការដឹកនាំសមាជិកជាក្រុមហ៊ុនឯកជន ក្នុងវិស័យទេចរណ៍មកចូលរួមកិច្ចប្រជុំ Cambodia-Vietnam-Thailand Economic Corridor Cooperation Conference នេះ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វ្រិក (PATA) បានធ្វើការផ្លាស់ប្តូរពាណិជ្ជកម្មរួមគ្នា ហើយក៏បានត្រៀមកញ្ចប់ទស្សនកិច្ច បីប្រទេសរួមគ្នា កម្ពុជា -វៀតណាម-ថៃ ដែលនឹងលេចចេញ ជារូបរាងនាពេលឆាប់ៗខាងមុខ ដែលទស្សនកិច្ចនេះ ធ្វើឡើងជាសកម្មភាព ធ្វើដំណើរជាក្បួនរថយន្ត មកពីបីប្រទេស ដើម្បីធ្វើដំណើររួមគ្នា ទៅកាន់ប្រទេសទាំងបីតែម្តង៕

To Top