ព័ត៌មានជាតិ

លោក ប្រាក់ សុខុន នឹងទៅបំពេញទស្សនកិច្ច លើកទី២ នៅភូមា នាប៉ុន្មានសប្ដាហ៍ខាងមុខ

ភ្នំពេញ ៖ ក្នុងនាមប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីបញ្ហាមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា នាប៉ុន្មានសប្ដាហ៍ខាងមុខនេះ ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផល កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ាន សម្រាប់មីយ៉ាន់ម៉ា នារសៀលថ្ងៃទី៦ ឧសភានេះ លោក ប្រាក់ សុខុន បានបញ្ជាក់ថា «ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន ខ្ញុំគ្រោងនឹងទៅបំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ាន់ លើកទី២ នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ពិសេសបន្ទាប់ពីការទៅចូលរួម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នៅសប្ដាហ៍ខាងនេះ» ។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ការបំពេញតួនាទីរបស់ប្រេសិតពិសេស ការបំពេញតួនាទីរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន នឹងជួយច្រើនទៅដល់ការដោះស្រាយ វិបត្តិពហុវិស័យនៅមីយ៉ាន់ម៉ា ។

សូមរំលឹកថា លោក ប្រាក់ សុខុន បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា លើកទី១ កាលពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ឈានទៅដល់ការបញ្ចប់អំពើហិង្សា ៕

To Top