ព័ត៌មានជាតិ

សម្តេចតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅម៉ោងប្រមាណជា៧និង៤៥នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងទឹកដីសហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីអបអរសាទរទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលមានវ័យ ៤៥ឆ្នាំមកហើយ។ កិច្ចប្រជុំកំពូលពិសេសនេះ គឺជាកិច្ចប្រជុំកំពូលពិសេស លើកទី២ គិតពីឆ្នាំ២០១៦មក។

ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតី ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើន រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ-១៩ សន្តិសុខ សុខភាពសកល ការផ្លាស់ប្តូរបញ្ហាអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងផ្លាស់ប្តូយោបល់គ្នាទៅវិញទៅមក អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។

លើសពីនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងដាក់ចេញនូវទិសដៅអានាគតនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។
បន្ថែមពីនេះ នឹងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ សម្រាប់ផលប្រយោជន៍រួមទៅវិញទៅមក នៃប្រជាពលរដ្ឋអាស៊ាន និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដើម្បីបង្កើនជំនឿ និងទំនុកចិត្តគ្នាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់៕

To Top