នយោបាយ

កម្ពុជា ពិតជាចង់ធ្វើមិត្តអាមេរិក តែមិនអាចរើសរវាង អាមេរិកឬចិននោះទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា ពិតជាចង់ធ្វើមិត្តរបស់អាមេរិក ហើយកម្ពុជាមិនអាចរើសរវាងអាមេរិក ឬចិននោះទេ ដូច្នេះកម្ពុជាចង់ធ្វើមិត្តគ្រប់បណ្តាប្រទេសទាំងអស់។

នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន) សម្តេចតេជោ ហ៊ុន សែន បានលេីកឡេីងពីទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលឆ្នាំនេះគឺជាខួប ៧២ឆ្នាំហើយ នៃកិច្ចសហប្រតិបត្តិការកម្ពុជា និងអាមេរិក ទំនាក់ទំនងបានចាប់ផ្ដើមឡើងនៅឆ្នាំ១៩៥០ ។ តាមរយៈទំនាក់ទំនងដែលមានរយៈពេល ៧២ឆ្នាំនេះ គឺយើងឈានដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមករវាងប្រទេសទាំងពីរ។

សម្ដេចតេជោ មានប្រសាសន៍ ថា “កម្ពុជា ពិតជាចង់ធ្វើមិត្តរបស់អាមេរិក ហើយកម្ពុជាមិនអាចរើសរវាងអាមេរិក ឬចិននោះទេ។ កម្ពុជា មាននយោបាយអព្យាក្រឹត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ដូច្នេះកម្ពុជាចង់ធ្វើមិត្តគ្រប់បណ្តាប្រទេសទាំងអស់រួមទាំងអាមេរិកផងដែរ”។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈទំនាក់ទំនងល្អប្រសើរនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអាមេរិក ក៏កំពុងមានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាអាស៊ាន-អាមេរិកវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីតួនាទីដ៏សំខាន់រវាងអាស៊ាន និងអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនាពេលនេះ គឺជាឱកាសដ៏កម្រសម្រាប់អាស៊ាន-អាមេរិក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន-អាមេរិក។

សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបអតីតសមាជិកសភាអាមេរិកដែរថា សម្តេចចង់ឃើញទំនាក់ទំនងរវាងអាស៊ាន និងអាមេរិក ឈានពីដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតកំពូលមួយ។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពលោក Douglas John Ericksen សមាជិកសភាអាមេរិកមួយរូប ដែលបានធ្វើមរណកាល កាលពីពេលថ្មីៗកន្លងទៅនេះ។

ឆ្លៀតឱកាស នោះដែរ លោក ដូណាល់ បេនតុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ការអនុញ្ញាតឱ្យរូបលោក ជួបពិភាក្សាការងារ និងបានគូសបញ្ជាក់ពីគោលបំណងនៃដំណើរបំពេញទស្សនកិច្ចនៅរដ្ឋវ៉ាស៊ីនតោននាពេលនេះ៕

To Top