ព័ត៌មានជាតិ

សម្ដេចតេជោ៖ ទំនាក់ទំនង កម្ពុជា-អាមេរិក បានឈានដល់ចំណុចកំពូល ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រ

ភ្នំពេញ៖ ថ្លែងចេញពីសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ទំនាក់ទំនងរវាង កម្ពុជា-អាមេរិក បានឈានដល់ចំណុចកំពូល ដែលមិនធ្លាប់មានក្នុង ប្រវត្តិសាស្ដ្រនាពេលកន្លងទៅ ហើយទំហំពាណិជ្ជកម្ម ក៏មានកើនឡើងផងដែរ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរនៅកាណាដា នៅវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ទំនាក់ទំនងកម្ពុជា រវាងអាមេរិក តើវាដល់ណាហើយ? តើមានស្អីខ្លះ? ទំនាក់ទំនងកម្ពុជា រវាងអាមេរិក បានដល់ចំណុចកំពូល ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រ។ ពិតមែនមានការ លិច អណ្ដែត តិចតួច ក៏ប៉ុន្ដែសូមឲ្យសង្កេតលើបញ្ហាពីរមុនគេ»។

សម្ដេចតេជោ បន្ដថា បញ្ហាទី១ គឺមុនឆ្នាំ២០០០ តើអាមេរិកមានស្ថានទូតផ្ទាល់ខ្លួន នៅកម្ពុជាឬអត់? គឺអត់មានទេ អាមេរិកជួលផ្ទះគេ ក្រោយឆ្នាំ២០០០ ជាពិសេសក្រោយដំណាក់កាលកម្ពុជា រកឃើញសន្ដិភាពពេញលេញ អាមេរិកកសាងស្ថានទូតនៅកម្ពុជា។

សម្ដេចតេជោ បន្ថែមថា ទីតាំងស្ថានទូតអាមេរិកសព្វថ្ងៃនេះ គឺជាទីតាំងល្អបំផុត បើមិនមែនជាអាមេរិក សម្ដេច ក៏មិនផ្ដល់ឲ្យឡើយ ព្រោះជាក្លឹបរបស់យុវជន ជាពិសេសជិតវត្តភ្នំ។ សម្ដេច រំលឹកថា នាពេលនោះ សម្ដេចក៏បានជួយសម្រួលក្នុងការបង់ពន្ធ សម្រាប់ទិញដីកសាងស្ថានទូតនៅទីនោះ ដើម្បីឲ្យអាមេរិកឈរជើងរឹងមាំនៅកម្ពុជា។

សម្ដេចតេជោ បន្ដទៀតថា បញ្ហាទី២ គឺក្នុងប្រវត្តិទំនាក់ទំនងពាណិជ្ជកម្មពេលនេះ គឺពាណិជ្ជកម្មធំបំផុត ហើយទំហំពាណិជ្ជកម្មនាំចូលទៅអាមេរិកជាង ៩ពាន់លានដុល្លារហើយ ខណៈក្រុមហ៊ុនអាមេរិកជាច្រើន កំពុងមកវិនិយោគនៅកម្ពុជា។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ថា «ខ្ញុំ ធ្វើមិត្តជាមួយអាមេរិក ក៏ពិបាកម៉្លេះ បើធ្វើសត្រូវគួរតែពិបាក គ្រាន់តែសុំធ្វើមិត្តសោះក៏ពិបាកដែរ ខ្ញុំដឹងច្បាស់ណាស់អាមេរិក កំពុងតែថតសម្លេងរបស់ខ្ញុំ ឲ្យមេដឹកនាំមើល»។

នាឱកាសនោះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានលើកឡើងអំពី មូលដ្ឋានកងទ័ពជើងទឹករាម ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានហាមឃាត់មិនឲ្យមានកងទ័ពបរទេស នៅលើទឹកដីរបស់ខ្លួនឡើយ ហើយក៏មិនបញ្ជូនកងទ័ពទៅក្រៅប្រទេសដែរ លើកលែងតែក្រោមឆ័ត្រ អង្គការសហប្រជាជាតិ។

សម្ដេចតេជោ បានចោទសួរថា តើកម្ពុជា ត្រូវការកងទ័ពបរទេសមកធ្វើអ្វី? សេចក្ដីត្រូវការរបស់កម្ពុជានាពេលនេះ គឺការវិនិយោគ និងសេដ្ឋកិច្ច។ សម្ដេច ក៏ចង់កាត់បន្ថយកងទ័ព ឲ្យមកបម្រើវិស័យអប់រំ និងសុខាភិបាលវិញ៕

To Top