នយោបាយ

សម្ដេចតេជោ មិននឹកស្មានថា សម រង្ស៊ី ជាមនុស្សឆោតល្ងង់ មិនចេះចាប់ឱកាស ផ្ញើលិខិតរំលែកទុក្ខ ចំពោះបងប្រុសសម្តេច ទទួលមរណភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់ចំៗទៅលើលោក សម រង្ស៉ី ថាជាមនុស្សមិនចេះចាប់យកឱកាស ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនសម្តេច ក្នុងពេលដែលសម្តេច ហ៊ុន ណេង បងប្រុសសម្តេច ទទួលមរណភាព ដើម្បីបង្កើតឱកាសនយោបាយ សម្រាប់ការវិលត្រឡប់មកកម្ពុជាវិញ ។ ជាមួយនឹងការរិះគន់លោក សម រង្ស៊ីនេះ សម្ដេចតេជោ ក៏បានលើកសរសេរ និងចាត់ទុក លោក កឹម សុខា ជាមនុស្សឆ្លាត ព្រោះតែងតែផ្ញើលិខិតរំលែកទុក្ខ ចំពោះក្រុមគ្រួសារសម្ដេច ។

ជាក់ស្តែងកាលពីម្តាយក្មេក សម្តេចទទួលមរណភាព លោកកឹម សុខា បានផ្ញើសាររំលែកទុក្ខ និងបានទៅបុណ្យសពផ្ទាល់តែម្តង ហើយលើកនេះ បងប្រុសសម្តេចទទួលមរណភាព ក៏លោក កឹម សុខា ផ្ញើសារ និងបានទៅចូលរួមបុណ្យផ្ទាល់ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរនៅកាណាដា នៅវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក សម្ដេចតេជោបានថ្លែងថា «ក្នុងពេលវេលា ខ្ញុំមានទុក្ខក្រៀមក្រំនេះ គឺឱកាសនៃអ្នកនយោបាយ(សម រង្ស៊ី) ប៉ុន្ដែដោយសារការស្អប់ សូម្បីតែសាច់ឈាមយើងស្លាប់ អ្វីដែលយើងធ្លាប់ធ្វើចំពោះគេ គេមិនបានធ្វើចំពោះយើងវិញ ។ សូមអរគុណណាស់ កុំអីគេរុញខ្ញុំទល់នឹងជញ្ចាំង ប្រសិនបើមនុស្សណុងធ្វើលិខិតចូលរួមរំលែកទុក្ខជាមួយខ្ញុំ ស្មើរុញខ្ញុំដល់កៀនជញ្ចាំង»។

សម្ដេចតេជោបន្ដថា «បើខ្ញុំ មិនទទួលមានន័យថាខ្ញុំ មិនទទួលយកការគោរព ដែលគេផ្ដល់សម្រាប់យើងចូលរួមមរណៈទុក្ខជាមួយយើង ប៉ុន្ដែបើយើងទទួលវាជាការផ្ដល់សញ្ញាមួយថា អ្នកនោះអាចមានលទ្ធភាពចូលស្រុក ដោយសារលោក ហ៊ុន សែន បានឆ្លើយតប អានេះល្ងង់ជាងអីទៀត សូមអរគុណ ដែលលោកឯងល្ងង់ ។ ឱកាសនយោបាយរបស់ឯងមាន ប៉ុន្ដែដោយសារអ្នកឯងស្អប់ខ្ញុំ កីឡាករ កីឡាការិនីឈ្នះ អ្នកឯងក៏មិនអបអរសាទរ ម្ដាយខ្ញុំស្លាប់ បងខ្ញុំស្លាប់ ក៏អ្នកឯងមិនចូលរួមមរណៈទុក្ខ។ ចឹងលទ្ធផលទាំងអស់ ល្មមអ្នកឯងទទួលទៅ ខ្ញុំមិននឹកស្មានថា អ្នកនយោបាយមួយចំនួនល្ងង់ដល់ប៉ុណ្ណឹង អ្នកដែលឆ្លាត គឺ កឹម សុខា»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោបន្ដថា ទោះ លោក កឹម សុខា មាននយោបាយខុសគ្នាក៏ដោយ តែសម្ដេច គោរពដល់លោក កឹម សុខា នូវអ្វីជាទង្វើរបស់គាត់។ សម្ដេច ក៏បានចាត់ទុកថា «នេះជាខ្មែរ ដូចគ្នា»។

ឆ្លៀតឱកាសនោះ សម្តេចតេជោបានលើកឡើងថា សម្តេចមិនបានចោទអាមេរិក ពាក់ព័ន្ធសំណុំរឿង សន្និដ្ឋិភាពជាមួយរដ្ឋបរទេស របស់លោក កឹម សុខា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែលោក កឹម សុខា ខ្លួនឯងទេជាអ្នកនិយាយ តាមរយៈវីដេអូយ៉ាងរឹងមាំដែលបានផ្សព្វផ្សាយ។

សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «ខ្ញុំអត់ចោទអាមេរិកទេ អ្វីដែលមាននោះគឺឯកឧត្តម កឹម សុខា គាត់និយាយខ្លួនឯង ដូច្នេះត្រូវការដោះស្រាយរវាងអាមេរិក និង កឹម សុខា អីចឹងអាមេរិកប្រកាសបដិសេធថា បានធ្វើអីចឹងដូច កឹម សុខា និយាយអត់?។ ខ្ញុំសូមជម្រាបទាំងតុលាការ ទាំងរាជរដ្ឋាភិបាលអត់មានចោទអាមេរិក អ្វីដែលកើតមានគឺ កឹម សុខា និយាយពីអាមេរិកជួយ ។ អីចឹងរឿងនេះមិនមែនរឿងកម្ពុជា ជាមួយអាមេរិកឯណា ជារឿងរបស់ កឹម សុខា»៕

To Top