ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងការហួសចិត្ត ចំពោះការគំរាមកំហែងដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា នៅលើទឹកដីនៃប្រទេសបិតាប្រជាធិបតេយ្យ សហរដ្ឋអាមេរិក។
ការសម្ដែងការហួសចិត្តនេះ ធ្វើឡើងបន្ទាប់ពីមានការឃោសនា បែបគំរាមកំហែងថា នឹងដកសញ្ជាតិអាមរិកពីពលរដ្ឋខ្មែរ ហើយនឹងបញ្ជូនទៅស្រុកកំណើតវិញ ចំពោះពលរដ្ឋខ្មែរគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។
ថ្លែងចេញពីទឹកដីអាមេរិក សម្ដេចតេជោបានមានប្រសាសន៍ថា «ខ្ញុំមិននឹកស្មានថា គេមកគម្រាមកំហែងបងប្អូននៅលើទឹកដី បិតាប្រជាធិបតេយ្យបែបនេះទេ ។ នោះគឺថា អ្នកណាគាំទ្ររាជរដ្ឋាភិបាល អាមេរិកនឹងដកសញ្ជាតិ ហើយបញ្ជូនទៅប្រទេសកម្ពុជាវិញ»។
សម្តេចតេជោ ចោទជាសំណួរថា តើនេះជាការគំរាមកំហែងមួយទេ ចំពោះពលរដ្ឋយើងដែលកំពុង រស់នៅលើដែនដីអាមេរិក? ជាមួយគ្នានេះ សម្ដេចតេជោបានអំពាវនាវ ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ការពារជនរួមជាតិកម្ពុជា កុំឲ្យមានការគំរាមកំហែង ។
សម្ដេចបញ្ជាក់ថា «ហេតុអ្វីបានជាបងប្អូនយើង មករស់នៅលើទឹកដីនៃ ប្រទេសបិតាប្រជាធិបតេយ្យ ត្រូវរងការគំរាមកំហែងបែបនេះ?»។
ឆ្លៀងក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានរំលឹកអំពីការភាន់ច្រឡំ រវាងរដ្ឋបាលអាមេរិកជាមួយកម្ពុជា ដែលបន្សល់ទុកតាំងពីជំនាន់ គ្លីនតុន លើកិច្ចព្រមព្រៀង ក្នុងការនិរទេសអ្នកទោស ដែលប្រព្រឹត្តនៅអាមេរិក មកកាន់ប្រទេសកំណើត (កម្ពុជា)។
សម្ដេចថា នៅពេលឃើញមានការលំបាក ក្នុងការបែកបាក់គ្រួសារ កម្ពុជាបានស្នើសុំធ្វើវិសោធន៍កម្ម កិច្ចព្រមព្រៀងដោយយក គោលការណ៍មនុស្សធម៌ ធ្វើជាមូលដ្ឋាន តែបែរជារដ្ឋបាលអាមេរិកបានយល់ឃើញខុសថា កម្ពុជាជាប្រទេសមិនសហការទៅវិញ ហើយថែមទាំងដាក់ទណ្ឌកម្មលើទិដ្ឋការ សម្រាប់មន្រ្តីជាន់ខ្ពស់ផ្នែកការទូត កម្ពុជាថែមទៀតផង ។
សម្ដេចតេជោសង្កត់ធ្ងន់ថា «ឥឡូវបងប្អូន ងើបឡើងការពារខ្លួន ហើយបង្ហាញឲ្យច្បាស់ថា ខ្ញុំគាំទ្រគណបក្សប្រជាជនកម្ពុជា ខ្ញុំគាំទ្ររាជរដ្ឋាភិបាល ខ្ញុំគាំទ្រប្រទេសរបស់ខ្ញុំ»។
សម្ដេចតេជោ ក៏បានណែនាំឲ្យពលរដ្ឋខ្មែរមានសិទ្ធិបោះឆ្នោត ត្រូវសួរទៅកាន់តំណាងរាស្រ្ត របស់ខ្លួនឲ្យឆ្លើយលើបញ្ហានេះ បើមិនឆ្លើយកុំបោះឆ្នោតឲ្យ។
សម្ដេចតេជោបញ្ជាក់ថា «ពលរដ្ឋរបស់ខ្ញុំ ត្រូវរងការគំរាមពីអ្នកដទៃ បើអ្នកឯងមិនដោះស្រាយទេ កុំមកនិយាយជាមួយខ្ញុំថា រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សជាជនកម្ពុជា គំរាមបក្សដទៃអី កុំមកនិយាយ»។
សម្ដេចថា នៅស្រុកខ្លួនឯងអត់ទាំង ដោះស្រាយបញ្ហាបានផង បែរជាមកគំរាមអ្នកគាំទ្ររាជរដ្ឋាភិបាល និងសមាជិកគណបក្សប្រជាជន ហើយតាំងខ្លួនជាប្រទេសបិតា ប្រជាធិបតេយ្យទៅវិញ ៕