ព័ត៌មានជាតិ

សម្តេច ទៀ បាញ់៖ រហូតដល់បច្ចុប្បន្ន «សៀវភៅស ការពារជាតិ» បានផ្ដល់តម្លៃ និងអត្ថប្រយោជន៍កាន់តែខ្ពស់ ទាំងមជ្ឈដ្ឋានជាតិ-អន្តរជាតិ

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា រហូតមកដល់បច្ចុប្បនេះ ឯកសារគោលនយោបាយការពារជាតិ ដែលតែងតែហៅថា «សៀវភៅស ការពារជាតិ» បានផ្ដល់តម្លៃ និងអត្ថប្រយោជន៍កាន់តែខ្ពស់ឡើង ទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។

ក្នុងឱកាសអញ្ជើញប្រកាសចេញផ្សាយជាផ្លូវការ «សៀវភៅស ការពារជាតិ ឆ្នាំ២០២២» និងការផ្សព្វផ្សាយ ទូលំទូលាយការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅព្រឹកថ្ងៃទី១២ ឧសភានេះ សម្តេច ទៀ បាញ់ ឲ្យដឹងថា «សៀវភៅស ការពារជាតិ» បានធ្វើឲ្យសម្តេចនឹកឃើញដល់ ចំណុចចាប់ផ្តើមដ៏លំបាក ក្នុងការកសាង គោលនយោបាយការពារជាតិលើកដំបូង នៅក្នុងកាលៈទេសៈដែលកំសួលនៃភ្លើងសង្គ្រាម នៅកម្ពុជា មិនទាន់បានរលត់ទាំងស្រុងនៅឡើយ។ ម្យ៉ាងទៀត ការព្យាយាមស្វែងរកការគាំទ្រ ដល់ការកសាងយុទ្ធសាស្ត្រការពារជាតិ បើកជំហរបែបនេះមិនមែនជា ការងាយស្រួលនោះទេ។

សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ «សៀវភៅស ការពារជាតិ» ដែលបានខិតខំ អស់រយៈពេលជាច្រើន សម្រេចបាននូវសមិទ្ធផលដ៏មានតម្លៃនេះ និងថ្លែងអំណរគុណចំពោះតួអង្គមួយ ចំនួនផ្សេងទៀត ដូចជានាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលជាអ្នកផ្តួចផ្តើមតាំងពីដំបូងមក ក្រសួង និងស្ថាប័នពាក់ព័ន្ធ អង្គការចក្ខុវិស័យអាស៊ី ក្រសួងការពារប្រទេសអូស្ត្រាលីជាដើម ដែលបានផ្ដល់ នូវទស្សនវិស័យ ជំនួយបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុដល់ក្រុមការងារនៅក្នុងដំណើរការចងក្រង «សៀវភៅស ការពារជាតិ ឆ្នាំ២០២២» នេះផងដែរ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់ថា «រហូតមកដល់បច្ចុប្បនេះ ឯកសារគោលនយោបាយ ការពារជាតិ ដែលយើងតែងតែហៅថា «សៀវភៅស ការពារជាតិ» ផ្ដល់តម្លៃ និងអត្ថប្រយោជន៍កាន់តែខ្ពស់ ឡើងទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ សម្រាប់មជ្ឈដ្ឋានជាតិ វាជាកម្រងផែនយុទ្ធសាស្ត្ររយៈពេលវែង ដែលគ្របដណ្តប់លើវិស័យការពារជាតិ និងសន្តិសុខន ព្រះរាជាណាចក្រកម្ពុជាទាំងមូល។ ដូចនេះ ការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់នឹង ត្រូវអនុលោមតាមគោលនយោបាយនេះ។ ម្យ៉ាងទៀត គោលនយោបាយការពារជាតិនេះ កំពុងក្លាយជាតម្រូវការសំខាន់ និងចាំបាច់សម្រាប់ការ កសាងផែនការ យុទ្ធសាស្រ្តផ្សេងៗទៀតដូចជា៖ ផែនការយុទ្ធសាស្ត្រថវិកាប្រចាំឆ្នាំជាដើម ធ្វើយ៉ាងណា ឱ្យការរៀបចំធនធានសមស្រប និងឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រ»។

សម្តេចថ្លែងថា សម្តេចតេជោ ហ៊ុន សែន តែងតែចាត់ទុក «សៀវភៅស ការពារជាតិ» ជាត្រីវិស័យសម្រាប់ កងកម្លាំង ប្រដាប់អាវុធនៅក្នុងការបំពេញតួនាទីរបស់ខ្លួន ជាពិសេសនៅក្នុងដំណើរការកែទម្រង់ យោធាការលើកកម្ពស់សមត្ថភាពកងទ័ព និងកិច្ចទំនាក់ទំនងការទូតអន្តរជាតិ សម្រាប់មជ្ឈដ្ឋានអន្តរជាតិ «សៀវភៅស ការពារជាតិ» គឺជាការឆ្លុះបញ្ចាំងនូវសុឆន្ទៈរបស់កម្ពុជា នៅក្នុងការរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ តាមរយៈការកសាងតម្លាភាព និងការទុកចិត្តគ្នាទៅវិញទៅមក។

បន្ថែមពីនេះ សម្តេចក៏លើកឡើងថា «សៀវភៅសការពារជាតិ ឆ្នាំ២០២២» បានកំណត់អាទិភាពមួយ ក្នុងចំណោមអាទិភាពជាច្រើន សំដៅលើកំណែទម្រង់យោធា ដែលរួមបញ្ចូលទាំងការ ធ្វើទំនើបកម្មក្នុងវិស័យនានា ៕

To Top