នយោបាយ

សម្តេចតេជោ៖ បើខ្ញុំជាតុលាការ នឹងអនុញ្ញាតឲ្យ លោក កឹម សុខា ទៅក្រៅប្រទេស

ភ្នំពេញ៖សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ករណីលោក កឹម សុខា សុំទៅក្រៅប្រទេសជាអំណាច របស់តុលាការ ប៉ុន្តែបើសម្តេចជាចៅក្រមឬ តុលាការនោះសម្តេចនឹងអនុញ្ញាត ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាល ជាមួយសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរនៅកាណាដា នារដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ខែ ឧសភាឆ្នាំ ២០២២ ស ម្តេចតេជោ បានលើកឡើងថា បរទេសមិនអាចមកបញ្ជាឲ្យ ធ្វើបែបនេះបែបនោះបានទេ ហើយសំណុំរឿងលោក កឹម សុខា ធ្វើតាមនីតិវិធីតុលាការ បើដំណើរការដល់ណា ធ្វើតាមហ្នឹង។

សម្តេចបញ្ជាក់ថា «កុំមកបញ្ជាខ្ញុំ ខ្ញុំមាននីតិវិធីរបស់ខ្លួនធ្វើ ហើយដំណើរការដល់ណា ដល់ហ្នឹងទៅ! រឿងកឹម សុខាសុំមកក្រៅប្រទេសគឺស្រេចតុលាការនោះទេ ។ ឥឡូវគាត់មានសិទ្ធិដើរនៅក្នុងប្រទេស»។

ឆ្លៀតក្នុងឱកាសនេះ សម្តេចបានគូសបញ្ជាក់ អំពីការការជួបពិភាក្សា ជាមួយលោក កឹម សុខា អស់រយៈពេលប្រមាណ៤ម៉ោង ក្នុងពិធីបុណ្យសព្វបងប្រុសសម្តេចថា «រឿងកឹម សុខា សុំមកក្រៅប្រទេស ជាសិទ្ធិរបស់តុលាការ ពីព្រោះឥឡូវគាត់មានសិទ្ធិដើរ នៅក្នុងប្រទេស គ្រាន់តែខ្ញុំបង្ហាញអារម្មណ៍របស់ខ្ញុំ គ្រាន់តែរឿងសុំទៅក្រៅប្រទេសពិនិត្យសុខភាព មើលកូនចៅមិនមែនជាឧបសគ្គ នៃបញ្ហាទេ (ខ្ញុំប្រាប់គាត់អីចឹង) ប៉ុន្តែវាមិនមែនជាអំណាច របស់ខ្ញុំទេ»។

សម្តេចលើកឡើងថា បំណងរបស់សម្តេចគឺថា បើសម្តេចជាតុលាការឬចៅក្រមវិញ គឺឲ្យតែម្តង ប៉ុន្តែសម្ដេចមិនមែនជាចៅក្រមទេ ។ សម្ដេចគ្រាន់តែសម្តែងបញ្ហាអារម្មណ៍ ហើយសូមកុំយល់ ថាលោក ហ៊ុន សែនសង្កត់តុលាការឲ្យតុលាការអនុញ្ញាតឲ្យលោកកឹម សុខាចាកចេញ នោះគឺមិនមែនទេ។

សូមជម្រាបថាកាលពីពេលថ្មីៗមកនេះ លោក កឹម សុខា និងសហការរី រួមទាំងមេធាវីរបស់លោក បាននាំគ្នាអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុស សម្តេចតេជោ ដែលបានបាត់បង់ជីវីត ដោយជំងឺគាំងបេះដូង ក្នុងជន្មាយុ៧២ឆ្នាំ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា ក៏បានជួបជជែកគ្នា អស់រយៈពេលប្រមាណ៤ម៉ោង ប៉ុន្តែគេមិនទាន់ដឹងច្បាស់ ឬប្រភពណាមួយបង្ហាញពីលទ្ធផល នោះទេ៕

To Top