ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាក់ពីកិច្ចខិតខំកម្ពុជា ក្នុងនាមប្រធានអាស៊ាន ចូលរួមចំណែកដោះស្រាយបញ្ហាមីយ៉ាន់ម៉ា (Video)

ភ្នំពេញ ៖ នៅក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយលោកស្រី ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបញ្ជាក់អំពីការខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ដើម្បីចូលរួមចំណែកដោះស្រាយសភាពការណ៍ នៅមីយ៉ាន់ម៉ា ។

សម្ដេចក៏បានចែករំលែក នូវអ្វីដែលជាការងាររបស់សម្ដេច ក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាការខិតខំទាំងឡាយ ធ្វើយ៉ាងណាកុំឲ្យមានអំពើហិង្សា បន្តទៀតហើយជាពិសេសទៀត ជំរុញឲ្យមានបទឈប់បាញ់ ក៏ដូចជាជំរុញឲ្យមានជំនួយមនុស្សធម៌ ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរ ពីការខិតខំរបស់អាស៊ាន ក៏ដូចជាការខិតខំរបស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ានផងដែរ ។

ក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោក៏បានមានប្រសាសន៍ ពាក់ព័ន្ធទៅលើចំណុចមួយចំនួន ជាពិសេសពាក់ព័ន្ធ នឹងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលលទ្ធផលមានការលំបាកជាច្រើន ជាពិសេសពាក់ព័ន្ធនឹង បញ្ហាសេដ្ឋកិច្ច ហើយនឹងធ្វើឲ្យបញ្ហាសេដ្ឋកិច្ចនេះ ប៉ះពាល់ដល់ប្រទេសទាំងឡាយ។

ក្នុងឱកាសនេះដែរ សម្ដេចក៏បានគូសបញ្ជាក់ អំពីការចូលរួមវិភាគទាន របស់សហរដ្ឋអាមេរិក ទៅដល់ការជួយដល់ប្រទេសជាសមាជិកអាស៊ាន ពិសេសក្នុងការពង្រឹងសមត្ថភាព ក៏ដូចជាការពង្រឹងពីសារៈសំខាន់ នៃបច្ចេកវិទ្យា ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការអភិវឌ្ឍ ក៏ដូចជាការពង្រឹងពីសមត្ថភាព នៃការប្រើប្រាស់បច្ចេកវិទ្យានេះ ជាពិសេសឥឡូវនេះដោយសារស្ថានភាព នៃការឈ្លានពានរបស់រុស្ស៊ីលើ អ៊ុយកែន ឃើញហើយអ្វីដែលសំខាន់ គឺមានការលំបាកជាច្រើន។

សម្ដេចក៏បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក គឺអាចរួមចំណែកជួយក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។

សម្ដេចតេជោក៏បានលើកឡើង ពីអ្វីដែលជាកិច្ចសហប្រតិបត្តិការទ្វេភាគី គឺមានការកើនឡើង ពីការនាំចេញរបស់ប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដែលហៅថាពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលឆ្នាំ២០២០-២០២១ មានការកើនឡើងគួរឲ្យកត់សំគាល់ ពោលគឺក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានការកើនឡើងរហូតដល់ ទៅជាង៤០ភាគរយ ៕

To Top