ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ អាជ្ញាធរត្រូវបំពេញភារកិច្ច បំរើការបោះឆ្នោត ឲ្យប្រព្រឹត្ត ដោយជោគជ័យ លើកតម្កើងកិត្តិយសជាតិ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តព្រៃវែង និងបាត់ដំបង បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបំពេញភារកិច្ច បំរើឲ្យការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ប្រព្រឹត្តទៅដោយជោគជ័យ ដើម្បីបន្តលើកតម្កើងកិត្តិយសជាតិ ។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបេក្ខជនឈរ ឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តព្រៃវែង នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា «សូមអំពាវនាវជាថ្មីទៀត ឲ្យភាគីពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរ និងកម្លាំង មានសមត្ថកិច្ច ខិតខំបំពេញភារកិច្ច បំរើឲ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ ឲ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដើម្បីបន្តលើកតម្កើង កិត្តិយសជាតិក្នុងដំណើរ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។

សម្ដេច ស ខេង ក៏បានអំពាវនាវជាថ្មីទៀត ដល់ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវត្រៀមឯកសារអត្តសញ្ញាណបណ្ណឲ្យបានគ្រប់ៗគ្នា ហើយបើមិនមានឯកសារនេះទេ អាចស្នើសុំឯកសារ បញ្ជាក់អត្តសញ្ញាណ បំរើឲ្យការបោះឆ្នោតពីឃុំ-សង្កាត់ និងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីជូនដំណឹងរំលឹកថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួន ដែលត្រូវធ្វើឡើងជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោត ឲ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ៕

To Top