ភ្នំពេញ៖ តុលាការកំពូល កាលពីពេលថ្មីៗនេះ បានប្រកាសសាលដីកា តម្កល់ ទោស កំបាំងមុខ ទណ្ឌិត ឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ជាអតីតស្ថាបនិកចលនាមាតាធម្មជាតិ ជាប់គុក ២០ ខែ ដដែល ជាប់ពាក់ព័ន្ធនឹងបទល្មើស«សមគំនិត ក្នុងអំពើញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅក្នុងព្រះរាជាណាចចក្រកម្ពុជា កាលពីអំឡុងឆ្នាំ ២០១៣ដល់ ឆ្នាំ ២០២០។
លោកចៅក្រម ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ តុលាការកំពូលបានថ្លែងអោយដឹងថា នៅក្នុងរឿងក្តីនេះ ទណ្ឌិត ឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន ជនជាតិ អេស្ប៉ាញ ត្រូវបានសាលាដំបូងរាជធានី ភ្នំពេញ កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២១ កាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារ កំណត់ ២០ ខែ និង ពិន័យ ជាប្រាក់ចំនួន ៤ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ក្រោមការចោទប្រកាន់ពីបទ សមគំនិត ក្នុងអំពើញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅក្នុងព្រះរាជាណាចចក្រកម្ពុជា កាលពីអំឡុងឆ្នាំ ២០១៣ដល់ ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា ២៩, ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។
តុលាការ ក៏បានបង្គាប់ឱ្យស្វែងរកចាប់ខ្លួន គាត់ ដើម្បីនាំខ្លួន គាត់ មកឃុំខ្លួន នៅក្នុងពន្ធនាគារម១ ( ពន្ធនាគារព្រៃស) តាមអំណាចនៃ សាលក្រមរបស់តុលាការផងដែរ។
តែគាត់ប្តឹងឧទ្ទរណ៍ ខណៈសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានតម្កល់ទោសរបស់គាត់ រក្សាទុក ដដែល។ គាត់ ក៏បានបន្តប្តឹងសារទុក្ខ តាមរយៈមេធាវីរបស់គាត់ ឈ្មោះ លោក សំ ចំរើន មកកាន់តុលាការកំពូលទៀត។
គួររំលឹកថា នាពេលសវនាការ កន្លងមក, លោកមេធាវី សំ ចំរើន ជាមេធាវី របស់ឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន ដែលចេះនិយាយភាសាខ្មែរបានច្បាស់ល្អ និង តាំងខ្លួនជា អ្នកស្រលាញ់ខ្មែរ និង ព្រៃឈើ បរិស្ថាន ធម្មជាតិ របស់ខ្មែរ ជាងជនជាតិខ្មែរ ដែលជាម្ចាស់ប្រទេសនោះ បានសំណូមពរ ដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃ តុលាការកំពូល មេត្តាសម្រេចច្រានចោល សេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម ជាអាសារបង់ និង សូម ទម្លាក់ចោលបទចោទប្រកាន់ ចំពោះកូនក្តី៕
ដោយ: លីហ្សា