ភ្នំពេញ ៖ ប្រធានគណបក្សខ្មែរតែមួយ បានដាក់លិខិតចំហមួយច្បាប់ទៅកាន់លោក សម រង្ស៊ី ដោយបានចោទជាសំណួរមួយចំនួនពាក់ព័ន្ធនឹងការចោទប្រកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងគណបក្សនយោបាយផ្សេងទៀតដែលចូលរួមបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ។
យោងតាមលិខិតចំហរបស់លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដោយមានគណបក្សចំនួន១៧បានចូលរួម ក្នុងនោះក៏មានគណបក្សភ្លើងទៀនជាកម្មសិទ្ធិបញ្ញារបស់លោក សម រង្ស៊ីផងដែរ។
លិខិតបន្តថា “ដូច្នេះ ខ្ញុំមានសំណួរចំនួន៣ ដើម្បីចោទសួរទៅឯកឧត្តម សម រង្ស៊ី ១/ តើឯកឧត្តម សម រង្ស៊ី ហ៊ានអាចយកពាក្យស្លោក “ដេកផ្ទះឈ្នះឯង និងយុទ្ធនាការម្រាមដៃស្អាត ប្រើប្រាស់ម្តងទៀតនៅក្នុងការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ បានដែរឬទេ? ។ ២/ គណបក្សភ្លើងទៀនបានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ។ នៅពេលមុនបោះឆ្នោត ថាតើឯកឧត្តម សម រង្ស៊ី ហ៊ានទទួលស្គាល់គ.ជ.ប ត្រឹមត្រូវនិងយុត្តិធម៌ដែរឬទេ? ចុះនៅក្រោយ បោះឆ្នោត ថាតើឯកឧត្តម សម រង្ស៊ី នៅតែបន្តថាគ.ជ.ប ជាចោរលួចសន្លឹក ឬក៏គ.ជ.បរបស់បក្សCPPមែនឬទេ? និង៣/គណបក្សចំនួន១៧ បានចូលរួម ថាតើឯកឧត្តម សម រង្ស៊ី នឹងចោទគណបក្សណាខ្លះជាអាយ៉ង និងគណបក្សណាខ្លះចូលរួមបោះឆ្នោតបង្គ្រប់ទឹកនៅពេលខាងមុខនេះ?” ។
ជាមួយគ្នានោះដែរ លោក គុជ លី ក៏បានហៅលោក សម រង្ស៊ី ជាអតីតម្ចាស់ពានរង្វាន់ “ដេកផ្ទះឈ្នះឯង និងយុទ្ធនាការម្រាមដៃស្អាត” កាលពីការបោះជ្រើសតាំងតំណាងរាស្តអាណត្តីទី៦នៃរដ្ឋសភា ឆ្នាំ២០១៨។
លោកថា គណបក្សខ្មែរតែមួយបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ ក្នុងចំណោមគណបក្សចំនួន២០ ហើយគណបក្សចំនួន១៩ក៏បានទទួលរងគ្រោះដោយអយុត្តិធម៌បំផុតនូវវប្បធម៌លាបពណ៌ញុះញុង(ចោទគណបក្សនានាជាអាយ៉ង គណបក្សអំពិលអំពែក។ល។) និងបង្កើតវប្បធម៌ក្តិចត្រួយ តាមរយៈគំនិតជ្រុលនិយមរបស់លោក សម រង្ស៊ីដោយប្រើល្បិចទុច្ចរិតនូវពាក្យស្លោក “ដេកផ្ទះឈ្នះឯង និងយុទ្ធនាការម្រាមដៃស្អាត” ក្នុងគោលបំណងបំផ្លាញទឹកចិត្តប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោត និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យបែបខ្មែរនិយម ៕