ព័ត៌មានជាតិ

អគ្គនាយករង ប.ស.ស.៖ ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ គឺជាភាពចាំបាច់បំផុត ដែលគ្រប់ស្ថាប័នពាក់ព័ន្ធរួមគ្នាអនុវត្ត

ភ្នំពេញ៖ លោក​ ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតកម្ពុជា” នាព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានលើកឡើងថា កន្លងមក ប.ស.ស. បានធ្វើការសហការជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រើន​ ក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំ ដល់កម្មករនិយោជិត អ្នកបើកបរយានយន្ដដឹកកម្មករ និយោជិត អំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ សុវត្ថិភាពក្នុងការដឹកជញ្ជូន កម្មករនិយោជិត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ និងជំរុញឱ្យប្រើប្រាស់រថយន្ដ ដឹកអ្នកដំណើរដើម្បីដឹកជញ្ជូន កម្មករនិយោជិត ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ លើមធ្យោបាយធ្វើដំណើរ របស់កម្មករនិយោជិតតាមគ្រប់រូបភាព។

លោកបានបន្តទៀតថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោ កជាឃាតករលាក់មុ​ខ ដែលធ្វើឱ្យមនុស្សស្លាប់ របួស និងពិការ បានកើតឡើងជារៀងរាល់ថ្ងៃគួរឱ្យព្រួយបារម្ភ ក្នុងចំណោមនោះក៏មានកម្មករនិយោជិត ដែលជាជនរងគ្រោះផងដែរ។ គ្រោះថ្នាក់ចរាចរណ៍ បានបន្សល់ទុកនូវសោកនាដកម្មដ៏រន្ធត់ ដែលជាផលប៉ះពាល់ ដល់សុខុមាលភាព សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ចំពោះបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនេះ មិនអាចឱ្យក្រសួង ស្ថាប័ន ឬផ្នែកណាមួយធ្វើការទប់ស្កាត់ កាត់បន្ថយ ឬលុបបំបាត់តែឯងបានឡើយវា ជាបញ្ហារួមរបស់យើងទាំងអស់គ្នា ។

ជាមួយគ្នានេះផងដែរ ក្នុងនាមតំណាងថ្នាក់ដឹកនាំ នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកសង្ឃឹមជឿជាក់ថា វគ្គសិក្ខាសាលានាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងការទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនសកម្មភាពរួមគ្នា ទៅមុខជារៀងរហូត។ ឯកឧត្តមក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ក្នុងកិច្ចសហការរបស់អង្គការមូលនិធិបង្ការ របួសអាស៊ីប្រចាំកម្ពុជា (AIP) ដែលបានរួមចំណែក ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព ក្នុងការធ្វើដំណើរ របស់កម្មករនិយោជិត និងការខិតខំប្រឹងប្រែង ចូលរួមគ្រប់សកម្មភាព ដែលចូលរួមកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើការធ្វើដំណើររបស់កម្មករនិយោជិត ឱ្យស្ថិតមកនៅកម្រិតទាប។

សូមបញ្ជាក់ថា វគ្គសិក្ខាសាលាខាងលើ ប្រព្រឹត្តទៅ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយ អង្គការមូលនិធិបង្ការរបួសអាស៊ីកម្ពុជា (AIP) ដោយមានវត្តមានចូលរួម ពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងអង្គភាពដៃគូពាក់ព័ន្ធនានា សរុបប្រមាណជាង ៥០នាក់៕

To Top