ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទោសពិរុទ្ធជន២នាក់ ជាប់គុក ក្នុងម្នាក់ៗ ៦ ឆ្នាំ ពាក់ព័ន្ធនឹងការរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ និង ជួញដូរអាវុធគ្រឿងផ្ទុះ ខុសច្បាប់

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា និង តម្កល់ទោស ពិរុទ្ធជន ចំនួន ២នាក់ ជាប់គុក ក្នុងម្នាក់ៗ កំណត់ ៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ និង សន្និធិអាវុធគ្រឿងផ្ទុះ ដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ ២០១៨ នៅត្រង់ចំណុចរាជធានីភ្នំពេញ ខេត្តកំពក ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ។

លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ទណ្ឌិតទាំង២នាក់ មានមានឈ្មោះ ប៉េង សុខា ហៅ ម៉ៅ ភេទប្រុស អាយុ ៥៧ ឆ្នាំ និង ម្នាក់ទៀត មានឈ្មោះ ណុប វ៉ុន ភេទប្រុស អាយុ ៥២ ឆ្នាំ ។ អ្នកទាំង២ មាន ទីលំនៅ ភូមិ សម្បទានសែនជ័យ ឃុំត្រែងត្រយីង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោកចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងនេះ ទណ្ឌិត ទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ៦ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៥ លានរៀល ពីបទ : «រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ និង សន្និធិអាវុធគ្រឿងផ្ទុះ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ» តាមបញ្ញាតិ មាត្រា ៤៨៦ និង ៤៨៨ នៃក្រមព្រហ្មទណ្ឌ។

ពួកគេទាំង២នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៩ នៅភូមិសម្បទានសែនជ័យ ឃុំត្រែងត្រយីង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលរឹបអួស បានអាវុធ និង គ្រាប់រំសេវ មួយចំនួនធំ ពីពួកគេ៕ ដោយៈលីហ្សា

To Top