ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា ឡាវ និងថៃ បានលើកឡើងថា កាណាដា នឹងបង្កើនកិច្ចសហការ ជាមួយកម្ពុជា ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ដែលជាបទល្មើសដ៏ស្មុគស្មាញ។
ជាការឆ្លើយតប សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះ កាណាដាដែល បានរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព ការអភិវឌ្ឍរបស់កម្ពុជា រួមទាំង ការទទួលយកនូវជនភៀសខ្លួននៅកម្ពុជា ទៅកាន់ប្រទេសកាណាដា ក្នុងសម័យដែលប្រទេសកម្ពុជា ធ្លាក់ក្នុងភ្លើងសង្គ្រាម។
សម្ដេច បង្ហាញការជឿជាក់ថា ភាគីទាំងពីរ នឹងខិតខំរកស្វែងរកនូវវិធី ក៏ដូចជា ឱកាសក្នុងការបង្កើននូវកិច្ចសហប្របត្តិការលើវិស័យទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ រួមមាន៖ វិស័យសន្តិសុខ និងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
បន្ថែមពីនេះ លោកស្រី ក៏បានថ្លែងអំណរគុណក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ចំពោះសំណើ ក៏ដូចជាជួយសម្រួលដល់ជនបរទេស រួមទាំងពលរដ្ឋកាណាដា នៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ពិសេស បានទទួលការលើកលែងការផាកពិន័យចំពោះការស្នាក់នៅហួសទិដ្ឋាការក្នុងរយៈពេលនៃការផ្ទុះឡើងនៃជំងឺឆ្លងនេះ៕