ព័ត៌មានជាតិ

កម្ពុជា-អាមេរិក បង្ហាញឆន្ទៈបង្កើនភាពជឿទុកចិត្ត រវាងកងទ័ពប្រទេសទាំងពីរ

ភ្នំពេញ ៖ នៅក្នុងជំនួប រវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងនាយកគោលនយោបាយ អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក ភាគីទាំងពីរ បានបង្ហាញឆន្ទៈបង្កើនភាពជឿទុកចិត្ត រវាងកងទ័ពនៃប្រទេសទាំងពីរ (កម្ពុជា-អាមេរិក)។

ការបង្ហាញឆន្ទៈនេះ ធ្វើឡើងក្នុងឱកាស ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ទទួលជួបលោកស្រី Lori Abele នាយកគោលនយោបាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក នារសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២។

ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាគ្នា ពីកិច្ចសហប្រតិបត្តិការមួយចំនួន ជាពិសេសកិច្ចសហប្រតិបត្តិការយោធា រវាងកងទ័ពនៃប្រទេសទាំងពីរ។ 

ផ្ទាំងពាណិជ្ជកម្ម

បន្ថែមពីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការ ដែលមានកន្លងមក និងបានបង្ហាញឆន្ទៈក្នុងការរក្សាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀតនៅពេលខាងមុខ និងការបន្តបង្កើនភាពជឿទុកចិត្ត រវាងកងទ័ពនៃប្រទេសទាំងពីរ ផងដែរ។ 

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ រដ្ឋាភិបាល ក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភ និងបណ្តុះបណ្តាល ដល់កងទ័ពកម្ពុជាកន្លងមក។

លោកស្រី Lori Abele ក៏បានថ្លែងអំណរគុណ ដល់កម្ពុជាផងដែរ ដែលបានចូលរួមជាមួយអាមេរិក ក្នុងកិច្ចការសន្តិសុខកន្លងមក៕

To Top