ភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក សម្ដេចបានជួបជាមួយនឹងអ្នកគាំទ្រជាច្រើន មុនចាប់ផ្ដើមកិច្ចប្រជុំផ្លូវការ នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ ប៉ុន្ដែជារឿងមិននឹកស្មានដល់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានជួបនឹងហេតុការណ៍មិនធ្លាប់មាន សម្រាប់រូបលោកនៅពេលធ្វើទស្សនកិច្ច ទៅក្រៅប្រទេស គឺលោកត្រូវបានបុរសខ្មែរ-អាមេរិកកាំងម្នាក់ គប់ស្បែកជើងមកលើ អំឡុងពេលជួបអ្នកគាំទ្រ នៅមុខសណ្ឋាគារមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃ១១ ឧសភា។
បុរសដែលជាអ្នកគប់ស្បែកជើង សំដៅមកលើសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានឈ្មោះថា អ៊ុក ទូច អាយុ៧១ឆ្នាំ។ បើតាមការផ្ដល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី លោកថាការដែលលោកយកស្បែកជើងគប់ សម្ដេចតេជោនាយករដ្ឋមន្ដ្រីហ៊ុន សែន ដោយសារលោកខឹងនឹងសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានសម្លាប់គ្រួសាររបស់លោក និងប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ក្នុងពេលដឹកនាំប្រទេសជិត ៤០ឆ្នាំមកនេះ។ លោកសង្កត់ធ្ងន់ថា “ហ្នឹងខ្ញុំគ្រាន់តែយកស្បែកជើងគប់គាត់ទេ តែពួកគាត់វិញយកគ្រាប់បែកគប់ បាតុករស្លាប់មិនចេះតិចនៅស្រុកខ្មែរ តើខ្ញុំមានកំហុសឬអត់បើខ្ញុំធ្វើអ៊ីចឹង ព្រោះសម្ដេច ហ៊ុន សែន សម្លាប់មនុស្សច្រើនណាស់ សម្លាប់ប្រជាធិបតេយ្យ បានជាខ្ញុំខឹងទប់អត់បាន ហើយគាត់សម្លាប់ឪពុកម្ដាយខ្ញុំទៀត។ ដូច្នេះខ្ញុំត្រូវតែធ្វើ ខ្ញុំត្រូវតែសងសឹកជាមួយគាត់។”
ហេតុការណ៍គប់ស្បែកជើង លើសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន អំឡុងពេលលោកធ្វើទស្សនកិច្ចទៅអាមេរិក បានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់មន្ដ្រី និងអ្នកគាំទ្ររបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។ ហេតុការណ៍នេះក៏បានក្លាយជាប្រធានបទក្ដៅ និងត្រូវបានចុះផ្សាយយ៉ាងព្រោងព្រាត ដោយបណ្ដាញសារព័ត៌មាន ទាំងក្នុងនិងក្រៅស្រុក និងមានការបញ្ចេញទស្សនៈផ្ទុយគ្នាផងដែរ ។
ចំពោះអ្នកតាមដានស្ថានការណ៍ និងអ្នកវិភាគមួយចំនួនយល់ឃើញថា ការធ្វើបែបនេះពុំមែនជាបទឧក្រិដ្ឋនោះ ឡើយនៅសហរដ្ឋអាមេរិក ហើយសូម្បីលោកសម រង្ស៊ីមេដឹកនាំក្រុមប្រឆាំងក៏អះអាងដូច្នេះដែរ។ លោក សម រង្ស៊ីថា ប្រជារាស្ដ្រមានសិទ្ធិសម្ដែងមតិ ហើយនៅអាមេរិកអាចធ្វើបែបនេះបាន ក៏ជាការសម្ដែងមតិដែរ ហើយអ្នកដែលធ្វើនោះ គឺគាត់មានឆន្ទៈរបស់គាត់។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ដ្រីបក្សប្រឆាំង និងជាអ្នកធ្លាប់រស់នៅអាមេរិក បានចាត់ទុកករណីនេះគឺជារឿងធម្មតាប៉ុណ្ណោះ។ តាមរយៈការផ្ដល់បទសម្ភាស ជាមួយវិទ្យុបារាំងអន្ដរជាតិ RFI លោកថានៅអាមេរិក ហេតុការណ៍នេះមិនមានអ្វីធំដុំគួរឱ្យភ្ញាក់ផ្អើលទេ។ បើសិនមិនមានបង្ករបួសស្នាម ក៏នឹងមិនមានការចាត់វិធានការអ្វីដែរ។ យ៉ាងណាវាគ្រាន់តែភ្ញាក់ផ្អើលបន្ដិច ដែលអ្នកមានកំហឹង ជ្រើសរើសយកវិធីសាស្ដ្របែបនេះ ខណៈអ្នកខ្លះមិនប្រើវិធីសាស្ដ្រនេះឡើយ គឺគេសុខចិត្ដប្រើពាក្យសម្ដីវិញ។
សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយលោក ឯម សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់សារព័ត៌មានវីអូអេថា ទង្វើរបស់លោក អ៊ុក ទូច ដែលជាអ្នកគប់ស្បែកជើង លើសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺជាទម្រង់នៃការសម្ដែងមតិ របស់ពលរដ្ឋក្នុងទឹកដីអាមេរិក ដែលមិនមានច្បាប់ណាដាក់ទោស ឬថ្កោលទោសនោះឡើយ។ រីឯលោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លើកឡើងក្នុងពេលផ្ដល់បទសម្ភាស ដល់សារព័ត៌មានវីអូអេដែរថា នៅក្នុងប្រទេសជាច្រើនគេមិនចាត់ទុកការសម្ដែង ការកើតទុក្ខមិនសុខចិត្ដតាមរយៈ ការចោលស្បែកជើងនេះ គឺជាទោសឧក្រិដ្ឋទេ តែចាត់ទុកជាទង្វើទាមទារបែបជ្រុលនិយម ហើយអសីលធម៌។ យ៉ាងណាក៏ដោយ លោកសម្ដែងការសោកស្ដាយ ចំពោះសកម្មភាពបែបនោះ និងថាកាយវិការតវ៉ាឆ្លុះបញ្ចាំង ឱ្យប្រទេសដទៃឃើញថា កម្ពុជាមានការបែកបាក់ផ្ទៃក្នុង ។
ដ្បិតមានការអះអាង និងលើកទឡ្ហីករណ៍មក បញ្ជាក់ថាជារឿងធម្មតា ជាសិទ្ធិបញ្ចេញមតិក៏ដោយ សម្រាប់មន្ដ្រី និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន មិនទទួលយកទង្វើនេះជាដាច់ខាត។
ចេញប្រតិកម្មជាសាធារណៈមុនគេបង្អស់ លោក ហ៊ុន ម៉ានី កូនប្រុសពៅសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន តាមរយៈសារបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១២ ឧសភា លើកឡើងថា “ទង្វើដែលប្រមាថមកលើពុក មកលើនាយករដ្ឋមន្ត្រី មកលើប្រធានគណបក្សប្រជាជនកម្ពុជា គឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត។ ទង្វើនេះ ពួកយើងទាំងអស់គ្នា ជាសមាជិកគណបក្ស និងជាប្រជាជនខ្មែរដែលគាំទ្រ គណបក្សប្រជាជនកម្ពុជា មិនអាចបន្ធូរបន្ថយ ឬសម្រាលទោសកំហុសដល់ ពួកជ្រុលនិយមទាំងអស់នោះបានទេ”។
មិនខុសគ្នាប៉ុន្មាន លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានប្រតិកម្មតាមគណនី ហ្វេសប៊ុកកាលថ្ងៃទី១២ ខែឧសភាដែរថា សកម្មភាពគប់ស្បែកជើងនោះ “គឺជាទង្វើដ៏ថោកទាប ដែលប្រមាថមកលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា។ ទង្វើដ៏ថោកទាបនេះ ប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបាន និងមិនអាចលើកលែង ឬសម្រាលទោសកំហុសដល់ ពួកជ្រុលនិយមទាំងអស់នោះបានទេ”។
រីឯលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីប្រតិកម្មតាមរយៈ ការផ្ដល់បទសម្ភាសដល់សារព័ត៌មានវីអូអេ នៅថ្ងៃទី១៣ ឧសភាថា វាគឺជារឿងហួសចិត្ដ និងហៅទង្វើនោះថាជាទង្វើថោកទាប និងអសីលធម៌ តែលោកថាទង្វើនេះក៏មិនធ្វើឱ្យខូចកិត្ដិយស របស់នាយករដ្ឋមន្ដ្រីនោះដែរ។ លោក ផៃ ស៊ីផាន បន្ដថា “ហើយគាត់ធ្វើសកម្មភាពហ្នឹង សំដៅគណបក្សមួយនោះ អាហ្នឹងជារឿងមួយដែលយើងសោកស្តាយ មិនគួរណាមានរឿងអ៊ីចឹងកើតឡើង នៅពេលយើងជួបបដិសណ្ឋារកិច្ច ពេលជួបជុំមហាគ្រួសារខ្មែរ…។ ហើយមិនគួរណាមនុស្ស… មានចរិតពាលអ៊ីចឹង គឺគួរឱ្យស្តាយ”។
យ៉ាងណាមិញ បើតាមលោក ផៃ ស៊ីផាន សកម្មភាពបែបនេះក៏ធ្លាប់ កើតឡើងលើថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រធានាធិបតីរបស់ប្រទេសផ្សេងទៀត ក្នុងនោះមានប្រធានាធិបតីទី៤៣ របស់សហរដ្ឋអាមេរិកលោក George W. Bush ម្នាក់ផងដែរ ដែលត្រូវបានបុរសម្នាក់គប់ ដោយស្បែកជើងក្នុងពេលលោក ធ្វើសន្និសីទសារព័ត៌មាននៅរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៨។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការផ្ដល់បទសម្ភាសជាមួយវិទ្យុវាយោ លោកថាប្រសិនបើមានពលរដ្ឋអាមេរិក ណាម្នាក់ធ្វើទង្វើបែបនេះទៅលើមេដឹកនាំអាមេរិក លោកជឿជាក់ថា ច្បាប់អាមេរិកក៏មិនអាចអត់ឱនឱ្យបានដែរ។
ថ្វីបើមានប្រតិកម្មជាបន្ដបន្ទាប់ពី សំណាក់មន្ដ្រីរបស់ខ្លួន តែសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន បែរជាអំពាវនាវឱ្យមានការអត់ធ្មត់ខ្ពស់។ សម្ដេចតេជោថាជាការពិត ប្រសិនបើលោកបណ្ដោយបុគ្គល ប្រព្រឹត្ដនោះនឹងត្រូវគ្រោះថ្នាក់ ព្រោះកម្លាំងផ្ទាល់ខ្លួន រួមទាំងកម្លាំងនៅអាមេរិក និងនៅទីក្រុងភ្នំពេញ បានរៀបចំសកម្មភាពទៅតវ៉ា នៅមុខស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីឱ្យចេញមុខដោះស្រាយលើករណីនេះ ប៉ុន្ដែលោកបានហាមមិនឱ្យ ធ្វើសកម្មភាពនោះដាច់ខាត។
នៅក្នុងពិធីសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងពេលថ្មីៗ ប្រមុខរដ្ឋាភិបាលបានថ្លែងថា សម្ដេចទ្រាំមិននិយាយពីករណីនេះ ជាច្រើនថ្ងៃមកហើយ ដើម្បីរង់ចាំមើលសេចក្តីថ្លែងការណ៍ ពីមជ្ឈដ្ឋាននានា។ ប៉ុន្តែសម្ដេចតេជោអះអាងថា សម្ដេចមិនស្នើឱ្យអាមេរិកចាត់វិធានការបែបណា ទៅលើបុគ្គលដែលគប់ស្បែកជើង មកលើរូបលោកនោះឡើយ។ ផ្ទុយមកវិញ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានចោទសួរ ទៅកាន់សហរដ្ឋអាមេរិកថា ប្រសិនបើអាមេរិកចាត់ទុកករណីនេះ ជាសេរីភាពបញ្ចេញមតិ សម្ដេចតេជោព្រមានថា ករណីដូចគ្នានេះអាចនឹងកើត មានឡើងនៅប្រទេសដទៃទៀត រួមទាំងកម្ពុជា នៅពេលខាងមុខ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានប៉ាន់ស្មានថា មកទល់ពេលនេះរដ្ឋបាលសហរដ្ឋអាមេរិក ក៏ប្រហែលនឹងកំពុងធ្វើកិច្ចការនេះដែរ។ សម្ដេចតេជោក៏បានសំណូមពរយ៉ាងទទូច ដល់អ្នកគាំទ្ររូបសម្ដេច សូមកុំធ្វើសកម្មភាពផ្សេងឱ្យសោះ ដោយត្រូវរង់ចាំមើលការធ្វើការ របស់អាមេរិកលើករណីនេះ។
ជាការកត់សម្គាល់ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ក្នុងឆ្នាំ២០២២នេះ ហាក់មានភាពរកាំរកូសកើតឡើងជាបន្ដបន្ទាប់។ ដំបូងបំផុតគឺការលើកពេលនៃកិច្ចប្រជុំ ខណៈតាមកាលវិភាគគ្រោងធ្វើ តាំងពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២២មកម៉្លេះ ប៉ុន្ដែត្រូវពន្យាររហូតដល់ថ្ងៃទី១២-១៣ ឧសភានេះវិញ ក្រោមមូលហេតុថ្នាក់ដឹកនាំមួយចំនួនជាប់រវល់។ បញ្ហានេះ ក៏បានធ្វើឱ្យបណ្ដាមេដឹកនាំអាស៊ានខ្លះ មិនសូវជាសប្បាយចិត្ដដែរ។
ចំណែកបញ្ហាមួយទៀត គឺករណីគប់ស្បែកជើងលើនាយករដ្ឋមន្ដ្រីកម្ពុជា ដែលបង្កការភ្ញាក់ផ្អើលដូចរៀបរាប់ខាងលើ ដែលមតិមួយចំនួននាំគ្នាបន្ទោស ទៅលើការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ របស់អាមេរិកមិនបានល្អ។ រីឯកិច្ចពិភាក្សាដែលចាប់ផ្ដើមឡើងហើយ ប្រធានាធិបតីអាមេរិកក្នុងនាម ជាម្ចាស់ផ្ទះបានចេញមុខមកពិភាក្សា ជាមួយថ្នាក់ដឹកនាំអាស៊ានតែពីរដងប៉ុណ្ណោះ គឺគ្មានជំនួបពិភាក្សាទ្វេភាគីឡើយ។ កិច្ចជំនួបតទល់ជាមួយ ថ្នាក់ដឹកនាំអាស៊ាននេះទៀតសោត ក្នុងថ្ងៃដំបូងរដ្ឋបាលលោក ចូ បាយដិន បានប្ដេជ្ញាផ្ដល់ជំនួយជាថវិកាចំនួន ១៥០លានដុល្លារ ដល់ប្រទេសក្នុងតំបន់អាស៊ាន ដើម្បីផ្ដោតលើការអភិវឌ្ឍក្នុងវិស័យជាច្រើន។
ប៉ុន្ដែការប្រកាសផ្ដល់ជំនួយ បានធ្វើឱ្យមេដឹកនាំអាស៊ានធ្លាក់ទឹកមុខ នោះគេមិនហ៊ានសន្និដ្ឋានឡើយថា ដោយសារអ្វី អាចមកពីទំហំទឹកប្រាក់ផ្ដល់ ឱ្យតិចតួចពេកក៏មិនដឹង ព្រោះថាជួយអាស៊ានមាន ១០ប្រទេសតែ ១៥០លានដុល្លារ តែជួយអ៊ុយក្រែនវិញដល់ ៤០ពាន់លានដុល្លារ។ ទឹកប្រាក់១៥០លានដុល្លារចែកឱ្យ ១០ប្រទេស ច្បាស់ណាស់អាមេរិកពិតជា មិនអាចយកឈ្នះចិនបានឡើយ បើអាមេរិកចង់រឹតចំណងមិត្ដភាព ឱ្យល្អប្រសើរជាមួយអាស៊ានឡើងវិញ ដូចអ្វីដែលលោកបាយដិនធ្លាប់និយាយ បន្ទាប់ពីជាប់ឆ្នោតជាប្រធានាធិបតី ៕