ព័ត៌មានជាតិ

ប្រតិភូ និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចុះធ្វើទស្សនកិច្ចសិក្សានៅ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ ៖ និស្សិតជំនាញ សេដ្ឋកិច្ច គ្រប់គ្រង ម៉ាឃីទីង និងជំនាញពាណិជ្ជកម្មអន្តរជាតិ និងបុគ្គលិក សាស្ត្រាចារ្យចំនួន៦៨ នាក់ ក្នុងមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យ សង្គមសាស្រ្ត និងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២​នេះ បានចុះទៅធ្វើទស្សនកិច្ច សិក្សានៅក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានទីតាំងស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោក ភួន វណ្ណៈ ព្រឹទ្ធបុរស មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច បានមានប្រសាសន៍ថា៖ អនុលោមតាមចក្ខុវិស័យរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានកំណត់នូវយន្តការ នៃការបណ្តុះបណ្តាលចាំបាច់ ត្រូវតែផ្សារភ្ជាប់ការសិក្សាទ្រឹស្តី នៅក្នុងថ្នាក់ទៅនឹងការ អនុវត្តជាក់ស្តែងគ្រប់ជំនាញទាំងអស់របស់និស្សិត ដើម្បីឱ្យនិស្សិតបានចុះឈ្វេងយល់ អំពីសង្វាក់ផលិតកម្ម និងប្រព័ន្ធប្រតិបត្តិការ ការងារនៅតាមស្ថាប័ន រោងចក្រ សហគ្រាស និងក្រុមហ៊ុននានាទាំងវិស័យសារណៈ និងវិស័យឯកជនក្នុងគោលដៅ ពង្រឹងសមត្ថភាពជំនាញសិក្សា និងបំណិនរបស់និស្សិតឱ្យមានភាពទូលំទូលាយ និងគុណភាពកាន់តែប្រសើរឡើង បន្ថែមទៀត។

លោកព្រឹទ្ធបុរស បានបន្ថែមទៀតថា ជារៀងរាល់ឆ្នាំ និង រាល់ឆមាស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែបានរៀបចំកម្មវិធី ដំណើរចុះធ្វើទស្សនកិច្ចសិក្សា របស់និស្សិតជាប្រចាំ។ ក្រៅពីការលើកឡើងខាងលើ លោក ភួន វណ្ណៈ បានបញ្ជាក់បន្ថែមពីគោល បំណង ដែលបានគ្រោងទុកក្នុងរបៀបវារៈ នៃទស្សកិច្ចសិក្សារបស់និស្សិតនោះ រួមមាន៖
១-ស្វែងយល់ពីដំណើរការ នៃការកកើត ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុន ជីប ម៉ុង
២-ចុះទៅពិនិត្យសង្កេត និងស្វែងយល់ពីសង្វាក់ផលិតកម្ម និងប្រព័ន្ធប្រតិបត្តិការ ការងារផលិតជាក់ស្តែង ប្រព័ន្ធសុវត្ថិភាព របស់រោងចក្រផលិត ស្រាបៀរកម្ពុជា (ខ្មែរ ប៊ែវើរីជីស) ការផ្តត់ផ្គង់នូវគុណភាព នៃវត្ថុធាតុដើម (ការសម្រាំងនូវវត្ថុធាតុដើមសម្រាប់ផលិតស្រាបៀរ និង ភេសជ្ជៈដទៃទៀត)
៣-សិក្សាស្វែងយល់ អំពីដំណើរការ នៃប្រព័ន្ធសម្អាតកាកសំណល់រាវ (Waste Water Treatment Plant)
៤-ស្វែងយល់អំពីដំណើរការ នៃការផលិត ការធ្វើពិសោធន៍ និងដំណើរការវេចខ្ចប់ ភេសជ្ជៈ និងសា្របៀរកម្ពុជា
៥-ស្វែងយល់ ពីអត្ថប្រយោជន៍ គុណភាពសម្រាប់អតិថិជនប្រើប្រាស់ និងការផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋ ក្នុងស្រុក ក៍ដូចជា ចំណែក នៃប្រភពចំណូល សេដ្ឋកិច្ចកម្ពុជាផងដែរ ។

លោក លី កែវវិចិត្រ ជាប្រធានផ្នែកកម្មវិធី និងបដិសណ្ឋារកិច្ច និងក្រុមការងារ របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានធ្វើបទបង្ហាញ ជូនប្រតិភូ និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប អំពីប្រវត្តិរបស់ក្រុមហ៊ុន ចក្ខុវិស័យ បេសកកម្ម គោលដៅ និងយុទ្ធសាស្រ្ត និងសកម្មភាពប្រតិបត្តិការការផលិត ការធ្វើពិសោធលើគុណភាព ប្រព័ន្ធវេចខ្ចប់ភេសជ្ជៈ មានសុវត្ថិភាព អនាម័យ ។ ល ។ បន្ទាប់ពីបទបង្ហាញណែនាំ និងការទស្សនាវីដេអូឃ្លីប របស់ក្រុមហ៊ុនរួចមក តំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដឹកនាំប្រតិភូនិស្សិតទស្សនកិច្ចសិក្សាចុះទៅទស្សនាផ្ទាល់ ពីសង្វាក់ផលិតកម្មជាក់ស្តែង ព្រមទាំងពន្យល់ នូវចំណុចល្អៗ ជាច្រើនក្នុងរោងចក្រដែលធ្វើឱ្យ និស្សិតកាន់តែយល់ច្បាស់អំពី ការនាំចូលវត្ថុធាតុដើមពីបរទេស និងក្នុងស្រុក សម្រាប់ផលិតភេសេជ្ជៈ ប្រព័ន្ធវេចខ្ចប់មានសុវត្ថិភាព អនាម័យ និង ភាពទាក់ទាញរបស់ផលិតផល ក្រមសីលធម៌ និងការទទួលខុសត្រូវ របស់ក្រុមហ៊ុន ចំពោះការចែកចាយ លើទីផ្សារក្នុងស្រុក សូមបញ្ជាក់ផងដែរថាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជា ក្រុមហ៊ុនដែលផលិតស្រាបៀរ កម្ពុជា ទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈគ្មានជាតិស្រវឹងដទៃទៀត មានរសជាតិឆ្ងាញ់ និងទទួលបានការគាំទ្រ យ៉ាងច្រើនពីអតិថិជនលើទីផ្សារ ៕

To Top