ព័ត៌មានជាតិ

កិច្ចប្រជុំពាណិជ្ជកម្ម APEC បញ្ចប់ដោយគ្មាន សេចក្តីថ្លែងការណ៍ រួមដោយសារភាពខុសគ្នា ជុំវិញការឈ្លានពានរបស់រុស្ស៊ី នៅអ៊ុយក្រែន

បាងកក៖ កិច្ចប្រជុំរបស់រដ្ឋមន្ត្រីពាណិជ្ជកម្ម មកពីតំបន់អាស៊ីប៉ាស៊ីហ្វិកបានបញ្ចប់ កាលពីថ្ងៃអាទិត្យដោយមិនបាន ចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសារតែមានភាពខុសគ្នាជុំវិញ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន លោក Koichi Hagiuda បានលើកឡើងថា លទ្ធផលនៃកិច្ចប្រជុំវេទិកាសហ ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក រយៈពេលពីរថ្ងៃនៅទីក្រុងបាងកក ដែលផ្តោតលើវិធីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩ គួរតែត្រូវបានឆ្លុះបញ្ចាំងនៅ ក្នុងសេចក្តីថ្លែងការណ៍របស់ប្រធាន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit ដែលធ្វើជាប្រធានកិច្ចពិភាក្សារបស់ពួកគេ បានប្រាប់សន្និសីទសារព័ត៌មានថា ពួកគេបានយល់ព្រមលើតម្រូវការ ក្នុងការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការសម្រេចបាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទូទាំង APEC នៅឆ្នាំ២០៤០ បើទោះបីជាបរាជ័យក្នុងការស្វែងរក ចំណុចរួមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីក៏ដោយ។

យោងតាមមន្ត្រីបានលើកឡើងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានព្យាយាមបញ្ចូលការបញ្ចេញមតិ ដែលបរិហារការឈ្លានពានរបស់រុស្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍រួម របស់ពួកគេ ប៉ុន្តែអ្នកផ្សេងទៀតរួមទាំងរុស្ស៊ីបានជំទាស់។

លោក Hagiuda ដែលបានថ្កោលទោសការលុកលុយនេះថា ជាការបំពានច្បាប់អន្តរជាតិក្នុងអំឡុងពេល កិច្ចប្រជុំនោះបានលើកឡើងថា “មានភាពខុសប្លែកគ្នាយ៉ាងខ្លាំង នៅពេលសម្របសម្រួលពាក្យសំដី ជុំវិញប្រទេសរុស្ស៊ីក្នុងចំណោមប្រទេសសមាជិក” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top