ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងបង្កវិនាសកម្ម និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបការលំបាក

ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានលើកឡើងថា សង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កំពុងបង្កវិនាសកម្មយ៉ាងធំធេង ព្រមទាំងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកជួបការលំបាក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ។

ក្នុងជំនួបសម្ដែងការគួរសមរវាង សម្តេច ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ភាគីទាំងពីរ ក៏បានឯកភាពបន្តដាក់ចេញទិសដៅការងារបន្ត និងប្តេជ្ញារួមគ្នាធ្វើការឲ្យកាន់តែជិតស្និទ្ធ បន្តអនុវត្តផែនការកិច្ចសហប្រតិបត្តិការ “MoU” រវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពទាំងអស់ ដែលបានលើកឡើងក្នុងកិច្ចពិភាក្សា ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងកងទ័ពប្រទេសទាំងពីរបានរួមចំណែកដល់សន្តិភាពស្ថិរភាព និងកំណើនវិបុលភាពក្នុងតំបន់។

នាឱកាសនោះ សម្តេច ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង បានធ្វើការវាយតម្លៃចំពោះសភាពការណ៍ ដែលកំពុងវិវត្តនាពេលបច្ចុប្បន្ននេះនៅក្នុងតំបន់ និងសកលលោក និងគាំទ្រជំរុញដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ជម្លោះសមុទ្រចិនខាងត្បូង តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដែលកំពុងបង្កវិនាសកម្មយ៉ាងធំធេងដល់សម្ភារៈ ទ្រព្យសម្បត្តិ និងជីវិតមនុស្ស និងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបការលំបាកទៀតផង៕

To Top