ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទម្នាក់ ដាក់គុក កំណត់២០ ឆ្នាំ ជាប់ពាក់ព័ន្ធ នឹងការសម្លាប់កុមារីម្នាក់ អាយុ ២ ឆ្នាំ ដែលត្រូវជាកូនចុង ប្រព្រឹត្តនៅចំណុច ក្នុងផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ ២០២១ ។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-24_13-22-52-1-766x1024.jpg)
យោងតាមដីការ របស់តុលាការបានឲ្យដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ សុខ រដ្ឋា អាយុ ២៩ ឆ្នាំ ( ជាឪពុកចុង ) មុខរបរមិនពិតប្រាកដ។
ចំណែកឯ ជនរងគ្រោះមានឈ្មោះ នន ស្រីនិច ភេទស្រី អាយុ ២ ឆ្នាំ ( ត្រូវជាកូនស្រីចុង ) មានម្តាយឈ្មោះ ឈ្មោះ ផុន សុខហាក់ អាយុ ២៧ ឆ្នាំ ។
ពួកគេមានទីលំនៅ ក្នុងផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-24_13-22-47-1.jpg)
ជនជាប់ចោទ ឈ្មោះ សុខ រដ្ឋា ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: ឃាតកម្មមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ និង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២១ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕
ដោយ: លីហ្សា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)