ព័ត៌មានជាតិ

បង្ក្រាបមន្ទីរពិសោធន៍ លួចកែច្នៃគ្រឿងញៀន ដោយរឹបអូសគ្រឿងញៀន ជាង ២២០ គីឡូក្រាម និងសារធាតុគីមីជាង១១តោន

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបមន្ទីរពិសោធន៍លួចលាក់ កែច្នៃផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៤នាក់ និងរឹបអូសគ្រឿងញៀនជាង ២២០ គីឡូក្រាម និងសារធាតុគីមីជាង ១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ការបង្ក្រាបមន្ទីរពិសោធន៍លួចលាក់ កែច្នៃផលិតគ្រឿងញៀន នេះ គឺអនុវត្តតាមបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រភពដដែល បន្ដថា ក្រោយធ្វើការស្រាវជ្រាវ អស់រយៈពេលជាង ២ខែរួចមក សមត្ថកិច្ច បានបើកប្រតិបត្តិការបង្ក្រាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀន នៅ ៣ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់ ៖ ចំណុចទី១ ៖ នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, ចំណុចទី២៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងចំណុចទី៣៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច ក៏បានចាប់យកវត្ថុតាង រួមមាន ៖ ម៉ាស៊ីន ឧបករណ៍សម្ភារសម្រាប់កែច្នៃ ផលិតវេចខ្ចប់មួយចំនួនធំ, សារធាតុញៀនប្រភេទកេតាមីន ទម្ងន់  ៤១គីឡូ, ៥១.៧ក្រាម, ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ ១,៤២៥គីឡូក្រាម, ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ ០.៩ក្រាម និងសារធាតុគីមីផ្សំ ១១តោន ៥២៥គីឡូក្រាម។

សូមបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ មន្ទីរប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

To Top