ព័ត៌មានជាតិ

យុទ្ធសាស្រ្តមហាអំណាច កំពុងបែកចែកប្លុក នៅក្នុងតំបន់អាស៊ាន

ភ្នំពេញ៖ នៅក្នុងភូមិសាស្រ្តនយោបាយ ប្រទេសមហាអំណាច បាននឹងកំពុងប្រកួតប្រជែង នូវយុទ្ធសាស្រ្តរបស់ខ្លួន តាមរយៈការដើរចងសម្ព័ន្ធភាព ជាមួយបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក។

ដោយឡែក នៅក្នុងតំបន់អាស៊ាននេះវិញ ត្រូវបានអ្នកតាមដាន ភូមិសាស្រ្តនយោបាយ មើលឃើញថា សហរដ្ឋអាមេរិក កំពុងដើរចងសម្ព័ន្ធភាព ជាមួយបណ្ដាប្រទេសមួយចំនួន តាមរយៈគំនិតផ្ដួចផ្ដើម ក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីប្រឆាំងទៅនឹង៌ឥទ្ធិពលរបស់ចិន គឺផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (BRI) ។

ជុំវិញនៃការបែកចែក និងដើរចងសម្ព័ន្ធភាព ជាមួយបណ្ដាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន ពីសំណាក់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនេះ ត្រូវបានលោក សយ សុភាព ប្រធានសមាគមនអ្នកសារព័ត៌មាន កម្ពុជា-ចិន មើលឃើញថា យុទ្ធសាស្ត្រនេះ គឺសម្រាប់ទប់ទល់ចិន ដែលបានបង្កើត BRI ។

ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពីប្រធានាធិបតី ​សហរដ្ឋ​អាមេរិក​ នៅក្នុងដំណើរទស្សនកិច្ច ទៅ​កាន់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ លោក ចូ បៃដិន (Joe Biden) បាន​ប្រកាស​ជា​ផ្លូវការ​បើក​ឱ្យ​មាន​សេដ្ឋកិច្ច​ ឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដែល​មាន​សមាជិក​ចំនួន ១៣​ប្រទេស ក្នុង​នោះ​ក៏​មាន​សមាជិក​អាស៊ាន​ចំនួន ៧​ប្រទេស​ផង​ដែរ លើកលែងតែ កម្ពុជា ភូមា ឡាវ ដែលជាមិត្តថែបជាមួយចិន ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក សយ​ សុភាព បានសរសេរយ៉ាងដូច្នេះថា «ត្រាំប្រកាសបង្កើតឥណ្ឌូ-ប៉ាស៊ីហ្វិក ១១ ១១ ១៧ នៅដាក់ណាង ប្រទេសវៀតណាម បៃដិនសម្ពោធគំនិតផ្តួចផ្តើម សេដ្ឋកិច្ចរបស់ជប៉ុន (សេរីបើកចំហ)។ ពាក្យនេះបង្កើតដោយ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្សិន ហ្សូអាបេ តាំងពីឆ្នាំ២០០៧ តែទើបចេញរូបរា ងនៅឆ្នាំ២០១៧។

លោកបន្តថា នយោបាយការបរទេសជប៉ុន ឱ្យហៅជំនួយជប៉ុនទៅជា «យុទ្ធសាស្ត្រសេរីនិងបើកចំហ (Free and Open Stratergy)។ យុទ្ធសាស្ត្រនេះ គឺសម្រាប់ទប់ទល់ចិន ដែលបានបង្កើត BRI។

លោក សយ សុភាព បន្ថែមថា ក្នុងភូមិសាស្ត្រនយោបាយ កម្ពុជា ឡាវ ភូមា ជាស្ថាបនិកបង្កើតប្រ៊ី ជាមួយចិន ដែលសរុបប្រទេស៦៥ នៅឆ្នាំ២០១៣ នៅប្រទេស កាហ្សាក់ស្ថាន។ រីឯ៧ទៀត មិនបានចូលរួមទេ តែពួកគេចូលរួមបង្កើត ឥណ្ឌូ-ប៉ាស៊ីហ្វិកឆ្នាំ២០១៧នៅរៀតណាម។

លោកគូសបញ្ជាក់ថា «ដូច្នេះមកដល់ពេលនេះ យើងបានឃើញអាស៊ាន២ កាន់តែច្បាស់»។ អាស៊ាន-ចិន ប្រ៊ី ( ខ្មែរ ឡាវ ភូមា) និងអាស៊ាន-ឥណ្ឌូ-ប៉ាស៊ីហ្វិក ( ថៃ វៀតណាម សីង្ហបុរី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន)»។

លោក សយ សុភាព ថា នេះហើយភូមិសាស្ត្រនយោបាយ មិនអាចប្រកែក ថាមិនទទួលមិនបានទេ ព្រោះសតវត្សន៏នេះ អាមេរិកប្រកួតចិន ហើយយើងស្ថិត នៅតាមផ្លូវរថភ្លើង ជាមួយចិន។

ជាមួយគ្នានេះ លោក សយ សុភាព អះអាងថានេះគឺជា ពិតជាសំណាងណាស់សម្រាប់ខ្មែរ។

ដោយលោកបានលើកឡើងនូវ មូលហេតុថា៖
១) ខ្មែររកបានឯករាជ្យពិតប្រាកដ ៩ ១១ ៥៣។
២) ខ្មែររកបាននូវការឯកភាពជាតិ សន្តិភាព ប្រាកដ ២៩ ១២ ៩៨។
៣) ចិន ជាប្រទេសនៅអាសុីបានក្លាយជាមហាអំណាចពិភពលោក។
៤) ខ្មែរ-ចិន បង្កើតបានទំនាក់ទំនង២ជំនាន់មេដឹកនាំជាប់គ្នា(សម្តេចព្រះបិតាជាតិព្រះបាទសម្តេចព្រះនរោត្តម សីហនុស្ថាបនិក កម្ពុជា-ចិន រដ្ឋបុរសសន្តិភាពសម្តេចតេជោ ហ៊ុន សែន បង្កើតបានមហាមិត្តដែកថែប កម្ពុជា-ចិន)។

លោក សយ សុភាព បញ្ជាក់ថា «ចំណុចដ៏មហាវិសេសនេះ ហើយធ្វើឱ្យអនុត្តរភាព ជិតឆ្ងាយមិនអាចខោកក្បាលខ្មែរ តទៅទៀតបាននិង បញ្ចប់ក្តីស្រមៃហែកដីខ្មែរ ចែកគ្នា គ្រប់គ្រងព្រមទាំងប្រទេសដែល បានយកដីខ្មែរ ឱ្យអ្នកជិតខាង (សូមអានប្រវត្តសាស្ត្រ)។

ឆ្លៀតក្នុង​ឱកាសនេះលោក សយ សុភាព បានផ្ដាំ ដល់បងប្អូនខ្មែរ ស្វែងយល់ឱ្យស៊ីជម្រៅ កុំឱ្យបុគ្គលអ្នកនយោបាយ លឺកឺឡប់ មិនដឹងខ្យល់ណានោះ មកឃោសនាបោកបញ្ឆោតដែល ពួកគេបំរើឱ្យឧបាយកល ពួកប្រតិកិរិយា និង អនុត្តរភាព ដោយមិនដឹងខ្លួន។

លោកថា ស្អប់គេ ជេរគេ តែធ្លាក់ខ្លួនជាទាសករនយោបាយ បំរើគេដោយមិនដឹងខ្លួន។ ឱអ្នកនយោបាយម៉ារៀលៗអើយ ចូរអ្នកស្វែងយល់ និងដឹងអំពីភូមិសាស្ត្រនយោបាយ កុំបន្តភ្លើតទៅទៀត៕

To Top