ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ បានសម្រេចកែសម្រួលផ្ទៃដីមួយចំនួន ដែលស្ថិតនៅតំបន់បឹងទន្លេសាប សម្រួលមកឲ្យប្រជាពលរដ្ឋ នៅខេត្តចំនួន៣ ក្នុងបឹងទន្លេសាបចំនួន ១២ ៥៧៣គ្រួសារ។ ខេត្តទាំង៣នោះរួមមាន ៖កំពង់ធំ បន្ទាយមានជ័យ និងពោធិ៍សាត់។
ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ស្តីពី បឹងទន្លេសាប នាថ្ងៃ២៧ ឧសភានេះ សម្តេចតេជោបានរំលឹក កាលពីសម្តេចបានចេញបទបញ្ជា ឲ្យកងកម្លាំងចុះបង្រ្កាបក្រុមឈ្មួញ ទុច្ចរិតបំផ្លាញត្រី នៅក្នុងបឹងទន្លេសាប ក្រោយមានការបំផ្លាញជាបន្តបន្ទាប់ ។ ជាលទ្ធផលនៃការបង្ក្រាប គឺបានដកហូតមកវិញជាច្រើនម៉ឺនហិកតា នៅក្នុងខេតុ្តទាំង៦ជុំវិញបឹងទន្លេសាប ។
ក្នុងពេលចុះប្រតិបត្តិការបង្ក្រាបនោះ សម្តេចថា បានបែងចែកតំបន់បឹងទន្លេសាបជា៣តំបន់ ។ ដោយតំបន់១ ជាតំបន់រស់នៅរបស់ប្រជាពលរដ្ឋ ដែលអាចចុះបញ្ជីដីធ្លី និងផ្តល់កម្មសិទ្ធិជូនពួកគាត់ ។ តំបន់២ជាតំបន់នៅចន្លោះរវាងតំបន់១ និងតំបន់៣ អនុញ្ញាតឲ្យប្រជាពលរដ្ឋ ចូលអាស្រ័យផល នៅក្នុងទីតាំងដែលធ្លាប់មានកន្លងមក។ តំបន់៣ ជាតំបន់ព្រៃលិចទឹក និងជាតំបន់ហាមឃាត់ការពារដាច់ខាត់ ។
ដើម្បីជួយសម្រួលដល់ពលរដ្ឋធ្លាប់តែបង្កបង្កើនផល អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ដោយមានអ្នកខ្លះអាចបង្កបង្កើនផល ជាង៣០ឆ្នាំ សម្តេចតេជោបានបញ្ជាក់ថា “ខ្ញុំបានបញ្ជាឲ្យឯកឧត្តម ជា សុផារ៉ា និងអាជ្ញាធរនៅបឹងទន្លេសាប កែសម្រួល ដោយក្នុងនោះមានការកែតម្រូវពីព្រំប្រទល់តំបន់៣ តំបន់២ដែលសម្រេចរួចមកហើយ” ។
សម្តេចតេជោបានរៀបរាប់ អំពីការសម្រួលផ្ទៃដី ឲ្យពលរដ្ឋវិញថា ក្នុងនោះ ខេត្តកំពង់ធំសម្រួលផ្ទៃដី ចំនួន១០០១៤ហិកតា ចេញពីតំបន់២បញ្ចូលមកតំបន់១ នៃបឹងទន្លេសាប ជូនពលរដ្ឋចំនួន ៩១៤៤គ្រួសារ និងកែសម្រួលផ្ទៃដី ទំហំ៦៣៦៥ហិកតា ស្មើនឹង២០២៥ក្បាលដី ចេញពីតំបន់៣បញ្ចូល មកតំបន់២ នៃបឹងទន្លេសាប ជូនពលរដ្ឋចំនួន១៧៤៩គ្រួសារ ។
សម្រាប់ខេត្តបន្ទាយមានជ័យ កែសម្រួលផ្ទៃទំហំ ជាង៥៨ហិកតា ចេញពីតំបន់៣បញ្ចូលមកតំបន់២ នៃបឹងទន្លេសាប ជូនពលរដ្ឋចំនួន២២គ្រួសារ និងខេត្តពោធិ៍សាត់កែសម្រួលផ្ទៃដី ចំនួន៣៤៤៨ហិកតា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃបឹងទន្លេសាប ជូនពលរដ្ឋ១៦៥៨គ្រួសារ ៕