បច្ចេកវិទ្យា

៥ខែ ឆ្នាំ២០២២ ការប្រើយានយន្ដអគ្គិសនី នៅកម្ពុជាកើនឡើងជាង ៨០០%

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក ចុះបញ្ជីរថយន្តអគ្គិសនី ៨៤គ្រឿង កើនឡើង៨០០% បើធៀបនឹងកាលពីឆ្នាំ២០២១ មានតែ ៩គ្រឿងប៉ុណ្ណោះ។

នាឱកាសអញ្ជើញជាវាគ្មិនក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធានបទ «ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា» នាថ្ងៃទី២៧ ឧសភា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់យាន យន្តអគ្គិសនីឲ្យបានច្រើន ដើម្បីចូលរួមចំណែកកាត់បន្ថយ ការចំណាយលើប្រេងឥន្ធនៈ និងការបំពុល បរិស្ថាន។

លោក បញ្ជាក់ថា «ក្នុងព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បានធ្វើការចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១៤៨គ្រឿង ក្នុងនោះរថយន្តបានចំនួន ១១០គ្រឿង និងទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនីបានចំនួន ៣៨គ្រឿង។ កំណើនយានយន្ត អគ្គិសនីក្នុង រយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២២នេះ មានចំនួន៨៤គ្រឿង ដោយប្រៀបធៀបនឹងរយៈពេល ដដែលក្នុង ២០២១ មានចំនួន៩គ្រឿង ដែលនេះបានបង្ហាញពីការកើនឡើងជាង៨០០%។

យោងលើកំណើនដ៏ឆាប់រហ័សនេះ ក្រសួងរំពឹងថា នឹងមានការកើនឡើងយានយន្តស្របទៅតាមទិសដៅ កំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រ រយៈពេលវែងស្តីពីអាព្យាក្រឹត កាបូនឆ្នាំ២០៥០ ដោយជំរុញនិងលើកទឹកចិត្តឱ្យមានការ ប្រើប្រាស់រថយន្តអគ្គិសនីក្នុងអាត្រា៤០% និងម៉ូតូអគ្គិសនីក្នុងអាត្រា ៧០%។

លោកទេសរដ្ឋមន្ដ្រី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពទាំងអស់គ្នា និងបានក្រើនរំលឹកផងដែរថាបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍បានបង្ក ឲ្យមនុស្សស្លាប់ជាមធ្យមពី ៤នាក់ ទៅ ៥នាក់ក្នុងមួយថ្ងៃ និងរបួសជាច្រើននាក់ ខាតបង់ទ្រព្យសម្បត្តិ និង ថវិការហូតទៅដល់៣០០ ទៅ៤៥០ លានដុល្លាក្នុងមួយឆ្នាំ ៕

To Top