ព័ត៌មានជាតិ

ប្រធានគណបក្សប្រជាជន ខេត្តកំពង់ចាម ៖ ការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឲ្យខ្លួនឯង

កំពង់ចាម៖ ប្រធានគណៈកម្មាធិការ បក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឲ្យខ្លួនឯង ។ លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់យ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២ នៅសួនក្រញូង ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជន សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា សង្កាត់សំបូរមាស គឺជាសង្កាត់១ ក្នុងចំណោមសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម ដែលទទួលបានសមិទ្ធផល ជាផ្លូវច្រើនជាងគេ ។ ហើយអត្ថប្រយោជន៍ នៃសមិទ្ធផលទាំងនោះ បានធ្វើឱ្យប្រជាពលរដ្ឋទទួលបាន ផលប្រយោជន៍យ៉ាងច្រើន ដូចជាការធ្វើដំណើរបានស្រួល ជាពិសេសធ្វើឱ្យដីឡើងថ្លៃជាដើម ។ ទន្ទឹមនឹងនេះ ការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដូចជាអត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព ពោលគឺមិនមានរាំងស្ទះទៀតទេ ។ ដូច្នេះ គណបក្សប្រជាជនកម្ពុជា ផ្ដល់នូវសេចក្តីសង្ឃឹម ផ្ដល់នូវទំនុកចិត្ត ដល់សមាជិកសមាជិកាបក្ស និងប្រជាពលរដ្ឋទូទៅ ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា «ដូច្នេះការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឲ្យខ្លួនឯង ដើម្បីខ្លួនយើងមានជីវភាពធូរធារ មានឱកាសការងារ ទទួលបាននូវការអភិវឌ្ឍ ទទួលបាននូវសុខសន្តិភាព ទទួលបាននូវការគាំពារ សុខភាពសាធារណៈជាដើម » ។ ជាក់ស្ដែងដូចជា ក្នុងកំឡុងដែលប្រទេសជាតិយើង ក៏ដូចជាពិភពលោកជួប នូបវិបត្តិជំងឺកូវីដ១៩ ធ្វើអោយប្រជាពលរដ្ឋ យើងទាំងអស់គ្នាទទួលរង នៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ។ ប៉ុន្តែដោយសារសម្ដេចតេជោ ហ៊ុន សែន ប្រមុខគណបក្ស បានខិតខំស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាសមាជិកសមាជិកាគណបក្ស រហូតបង្កើតបានភាពសាំ នៅក្នុងសហគមន៍ ធ្វើឱ្យយើងអាចជួបជុំគ្នាបាន មានឱកាសសប្បាយរីករាយ ដែលមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលកន្លងទៅថ្មីៗនេះផងដែរ។

លោកប្រធានគណៈកម្មាធិការ បក្សប្រជាជនខេត្តកំពង់ចាម បានយកឱកាសនោះ ស្នើឲ្យបេក្ខជនក្រុមប្រឹក្សាក្នុងឃុំ សង្កាត់ទាំងអស់ ខិតខំបម្រើប្រជាពលរដ្ឋ ឱ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើន ក្នុងមូលដ្ឋានរបស់ខ្លួន និងស្នើឲ្យមានការចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕

To Top