ព័ត៌មានជាតិ

ជីវិតគឺជាការតស៊ូ ទោះពិកាក៏ប្រឹងរកការងារ មិនលើកដៃសុំទានគេ

បុរសម្នាក់ ពិកាស្វិតដៃជើងមួយចំហៀងដោយសារគ្រោះថ្នាក់ចរាចរណ៍ រស់នៅផ្ទះជួល ពីរនាក់ប្រពន្ធ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានជីវភាពខ្វះខាត តែនៅតស៊ូធ្វើការទាំពីរនាក់ប្តីប្រពន្ធ ប្តីរកការងារបានធ្វើជាភ្នាក់ងារលក់ដីឡូ ប្រពន្ធជាកម្មកររោងចក្រ។ ដោយជីវភាពខ្វះខាត លោក អ៊ុយ ចន្នី អាយុ ២៩ឆ្នាំ ដែលជាជនពិកាស្វិតដៃនិងជើងមួយចំហៀង ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវបង្ខំចិត្តធ្វើដំណើរដោយថ្មើរជើងចេញពីផ្ទះជួល ឆ្ពោះទៅកន្លែងធ្វើការ នៅដីឡូយ៉ាងឆ្ងាយទាំងលំបាក។

ស្ថានភាពតស៊ូជាក់ស្តែងប្រឹងប្រែងបំពេញការងារទាំងលំបាក ក៏មិនដើរសុំទានគេ បានដឹងដល់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានការកោតសរសើរព្រមជាមួយនិងការអាណិតអាសូរ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ក្រុមការងារ ដឹកនាំដោយ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកកង់១ និងសម្ភារៈថវិកា មួយចំនួន ទៅជូនដល់លោក អ៊ុយ ចន្នី ទុកជាការសម្រាលបន្ទុក និងជាការចែករំលែកជួយអ្នកដែលចេះតស៊ូពិតប្រាដក្នុងគ្រាលំបាក៕

To Top