ព័ត៌មានជាតិ

អគ្គនាយក ARDB ចុះពិនិត្យ ការអនុវត្តការប្រើប្រាស់ឥណទាន ដែលផ្តល់ជូនរោងម៉ាស៊ីនកិនស្រូវ នៅក្នុងខេត្តកំពង់ធំ និងសៀមរាប

ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើល ការអនុវត្តការប្រើប្រាស់ឥណទាន ដែលបានផ្តល់ជូន​ រោងម៉ាស៊ីនកិនស្រូវ នៅក្នុងខេត្តកំពង់ធំ និងសិក្សាស្វែងយល់អំពីការដាំដុះ ការប្រមូលផលស្វាយចន្ទី ពីក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជ នៅខេត្តសៀមរាប ដោយផ្ទាល់ ដើម្បីតាមដាននូវវឌ្ឍនភាពទាំងអស់នេះ ។

ក្នុងដំណើរទៅកាន់ខេត្តសៀមរាប លោកបណ្ឌិត កៅ ថាច បានអញ្ជើញទស្សនៈកិច្ចសិក្សា និងធ្វើការស្វែងយល់អំពីការដាំដុះ ការប្រមូលផល និងការស្តុកទុក ស្វាយចន្ទី នៅទីតាំងផ្ទាល់ របស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជ ដែលមានអាស័យដ្ឋានស្ថិត នៅភូមិខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ក្នុងនោះបើតាមការបញ្ជាក់ អោយដឹងពីខាងតំណាងក្រុមហ៊ុនថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបានធ្វើការពង្រីកការដាំដុះ បានរហូតដល់ ជាង១២០០ ហិកតា និងកំពុងប្រមូលផលស្វាយចន្ទី ជាបន្តើរៗ សម្រាប់បំពេញទីផ្សារ ក្នុងស្រុក និងសម្រាប់ការនាំចេញ ទៅទីផ្សារបរទេស ។

បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តសៀមរាប លោកអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលពិនិត្យមើល ការអនុវត្តការប្រើប្រាស់ឥណទាន ដែលបានផ្តល់ជូនរោងម៉ាស៊ីនកិនស្រូវ1688 ដែលមានអាស័យដ្ឋានស្ថិតនៅភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមគម្រោងនៃកម្មវិធី ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ( Rice- SDP) ដែលគម្រោងនេះ ទទួលបានការគាំទ្រមូលនិធិដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានផ្តល់ជូន តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផងដែរ៕

To Top