ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ គុណតម្លៃសន្ដិភាព ធ្វើឱ្យ ពលរដ្ឋរស់នៅ ដោយសេចក្ដីសុខ (Video)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានថ្លែងថា គុណតម្លៃ សុខសន្តិភាព ធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយសេចក្ដីសុខ គ្មានការព្រួយបារម្ភ អំពីការប្រយុទ្ធគ្នា ក្នុងសមរភូមិដូចអតីតកាល ។

ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករ សហគ្រិនវ័យក្មេង និងក្រុមការងារគ្រីស្ទបរិស័ទ ដើម្បីគាំទ្រគណបក្ស ប្រជាជនកម្ពុជា ខេត្តបាត់ដំបង នាថ្ងៃទី៣០ ឧសភា សម្ដេច ស ខេង បានថ្លែងថា «គុណតម្លៃសុខសន្តិភាពដែលធ្វើឲ្យប្រជាពលរដ្ឋរស់ នៅប្រកបដោយសេចក្ដីសុខ សេដ្ឋកិច្ចជាតិ មានការរីកចំរើន ជាលំដាប់ ពិសេសធ្វើឱ្យពលរដ្ឋរស់នៅ ដោយគ្មានការព្រួយបារម្ភ អំពីការប្រយុទ្ធគ្នា ក្នុងសមរភូមិ ដូចអតីតកាល ដែលបានធ្វើឲ្យប្រជាជន ធ្លាក់ក្នុងភ្លើងសង្គ្រាម ស្លាប់ របួស ពិការភាព បែកបាក់គ្រួសារ និងប្រទេសជាតិ ត្រូវរងការបំផ្លិចបំផ្លាញ់គ្រប់វិស័យ»។

សម្ដេច បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា បានជួយសង្គ្រោះប្រជាជន ស្ដារ និងដឹកនាំប្រទេសជាតិ តាំងពីសំណុចសូន្យ រហូតរីកចំរើនដូចសព្វថ្ងៃ។

សម្ដេច បានបន្តថា គណបក្សប្រជាជនកម្ពុជា ទទួលស្គាល់ថា ខ្លួនមានប្រវត្តិឡើង កាន់អំណាចដោយសង្គ្រាម ប៉ុន្តែវាជាសង្គ្រាម ដែលធ្វើឡើង ដោយសារ គ្មានជម្រើស ដ្បិតត្រូវប្រឈមមុខ នឹងរបបឃោរឃៅ ខ្មែរក្រហម ប៉ុន្តែថ្នាក់ដឹកនាំគណបក្ស បានធ្វើកំណែទម្រង់ដោយ ផ្ដល់តម្លៃ ដល់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស រហូតចរចាបង្កើត បានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឈានទៅរៀបចំការបោះឆ្នោត ជាលើកដំបូង នៅឆ្នាំ១៩៩៣ រហូតមានការបោះឆ្នោតជាបន្តបន្ទាប់ ទាំងការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត ការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតអសកល មួយចំនួនទៀត ។

នាឱកាសនោះ សម្ដេច ស ខេង បានគូសបញ្ជាក់អំពីការបន្តប្ដេជ្ញាចិត្ត ធ្វើវិមជ្ឈការ វិសហមជ្ឈការ ពិសេសការផ្ទេរតួនាទី និងការទទួលខុសត្រូវ រួមមានមុខងារ សិទ្ធិអំណាច ធនធានលើវិស័យមួយចំនួនពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ ៕

To Top