ព័ត៌មានជាតិ

កម្ពុជា រកឃើញករណីសង្ស័យ ជំងឺអុតស្វា លើមនុស្ស៦នាក់ តែក្រោយធ្វើតេស្តរួច គឺអវិជ្ជមាន ទាំងអស់ (Video)

ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានឲ្យដឹងថា កម្ពុជា រកឃើញករណីសង្ស័យជំងឺអុតស្វាលើមនុស្សចំនួន ៦នាក់ ប៉ុន្ដែក្រោយធ្វើតេស្ដយកទៅមន្ទីរពិសោធន៍ លទ្ធផលបង្ហាញថា «អវិជ្ជមាន» ទាំងអស់គ្នា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា «យើងរកឃើញករណីសង្ស័យជំងឺអុតស្វាចំនួន ៦ករណី តែក្រោយធ្វើតេស្តមន្ទីរពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រ បញ្ជាក់ថា អវិជ្ជមានមេរោគជំងឺអុតស្វាទាំងអស់ មានន័យថា គ្មានជំងឺនេះក្នុងប្រទេសយើងទេ រហូតពេលនេះ»។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរៀបរាប់ថា ពួកគាត់ទាំង៦នាក់នោះ បានចេញរោគសញ្ញាសង្ស័យ ដូចជា៖ មានកន្ទួល ឬពងបែក លើដៃ បាតដៃជើង បាតជើង ឬលើមុខ និងមានរោគសញ្ញាមួយ ឬច្រើន រួមមាន៖ គ្រុនក្តៅលើស ៣៨.៥ អង្សាសេ ឈឺសាច់ដុំ ឡើងកូនកណ្តុរ ឈឺក្បាល ឈឺខ្នង។

លើសពីនេះទៀត នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូបបើមានករណីសង្ស័យ សូមពិគ្រោះជំងឺនៅមន្ទីរពេទ្យជិតបំផុត ឬទូរស័ព្ទទៅលេខ ១១៥។

សូមបញ្ជាក់ថា ជំងឺអុតស្វានេះ គឺប្រភពចម្លងមកពីសត្វព្រៃ ពិសេសករណីត្រូវបានរកឃើញជាប្រចាំនៅអាហ្វ្រិក ប៉ុន្ដែក្រោយមកបានឆ្លងរីករាលដាលទៅកាន់ប៉ែកអឺរ៉ុប ហើយឆ្លងសហគមន៍តែម្ដង៕

To Top