នយោបាយ

ហេតុអ្វី សម រង្ស៊ី ឃោសនាយ៉ាងសកម្មបំផ្លាញ បក្សភ្លើងទៀនទៅវិញ ក្នុងពេលបក្សនេះកំពុង ឃោសនា រកសំឡេងឆ្នោត?

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើឡើងចោទជាសំនួរថា ហេតុអ្វីលោក សម រង្ស៊ី កំពុងឃោសនា យ៉ាងសកម្មបំផ្លាញ បក្សភ្លើងទៀនទៅវិញ ក្នុងពេលបក្សនេះកំពុង ឃោសនា រកសម្លេងឆ្នោត?។

ការលើកឡើង ចោទជាសំនួរ ពីសំណាក់លោក សយ សុភាព បែបនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ដែលត្រូវតុលាការកម្ពុជា ចោទថាក្បត់ជាតិ បាននឹងកំពុងបន្ត ឃោសនាយ៉ាងផុសផុល ពីសកម្មភាពរបស់ខ្លួន ដោយផ្សារភ្ជាប់ទៅនឹង គណបក្សភ្លើងទៀន ដែលបានដាក់ឱ្យដំណើរការ ដើម្បីចូលរួមការប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ក្នុងឆ្នាំ២០២០នេះ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ លោក សយ សុភាព បានលើកឡើងចោទជាសំនួរថា “ហេតុអ្វីទណ្ឌិត សម រង្ស៊ី កំពុងឃោសនាយ៉ាងសកម្មបំផ្លាញ បក្សភ្លើងទៀនទៅវិញ ក្នុងពេលបក្សនេះកំពុង ឃោសនា រកសម្លេងឆ្នោត?”។

ទោះបីជាយ៉ាងណា លោក សយ សុភាព បានចាត់ទុកទង្វើរបស់ លោក សម រង្ស៊ី ទាំងនេះសុទ្ធតែ នៅក្នុងភូមិសាស្ត្រនយោបាយ របស់មហាអំណាច ចិន- អាមេរិក និងប្រទេសពាក់ព័ន្ធខ្លះ ទាំងអស់។

លោកថា សម រង្ស៊ី មិនមែនថាមិនដឹងទេ តែគាត់និងគូកន ជុំវិញដឹងច្បាស់ណាស់។

ក្នុងករណីនេះលោក សយ សុភាព បានផ្ដាំថា មើលឱ្យជ្រៅជាងបញ្ហា។

សូមរំលឹកថា លោក សយ សុភាព ក៏ធ្លាប់បានលើកឡើងផងដែរថា គណបក្សភ្លើងទៀន កំពុងដើរចូលជ្រោះ ដោយមិនដឹងខ្លួន តាមរយៈនៃការយករូបថតនឹងឈ្មោះ លោក សម រង្ស៊ី មកធ្វើជាយីហោ សម្រាប់ធ្វើការឃោសនា រកសំឡេងឆ្នោត នាពេលបច្ចុប្បន្ននេះ។

បន្ថែមលើសពីនោះ លោក សយ សុភាព ក៏បានធ្វើការព្យាករណ៍ទុកថា “ចរន្តនយោបាយកម្ពុជា នឹងវិវត្តន៏ទៅរកគ្មានបក្សភ្លើងទៀន ក្រោយការបោះឆ្នោត ឃុំ-សង្កាត់”៕

To Top