នយោបាយ

លោក គិន ភា៖ សន្លឹកឆ្នោតមួយសន្លឹករបស់ពលរដ្ឋ មានសារៈសំខាន់ សម្រាប់ភាពសុខសាន្ត

ភ្នំពេញ៖ ខណៈសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងឈានមកដល់ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សន្លឹកឆ្នោតមួយសន្លឹករបស់ប្រជាពលរដ្ឋ មានសារៈសំខាន់សម្រាប់ភាពសុខសាន្ត និងវឌ្ឍនភាពនៃសង្គមជាតិទាំងមូល ព្រោះអាវុធដ៏សំខាន់របស់ ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ គឺសន្លឹកឆ្នោត។

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាពេលវេលាដែលច្បាប់អនុញ្ញាតឲ្យ ប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត ដើម្បីជ្រើសរើសតំណាងរបស់ខ្លួន នៅមូលដ្ឋានថ្នាក់ឃុំ-សង្កាត់។ លោកគិន ភាបានលើកជា សំណួរថា តើសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យមានតម្លៃបែបណា? លោកថា អាវុធដ៏សំខាន់របស់ប្រជាពលរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យ គឺសន្លឹកឆ្នោត។

លោកសង្កត់ធ្ងន់ថា “សន្លឹកឆ្នោតមួយសន្លឹកៗរបស់ប្រជាពលរដ្ឋ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតផ្ទាល់នោះទេ ប៉ុន្តែ វាមានសារៈសំខាន់សម្រាប់ភាពសុខសាន្ត និងវឌ្ឍនភាពនៃសង្គមជាតិទាំងមូល” ។

“សន្លឹកឆ្នោតមួយសន្លឹក អាចធ្វើឲ្យជាតិលិចលង់ និងកើតកល្ប៍យុគ ឬអាចធ្វើឲ្យជាតិមានសុខសន្តិភាព និងសម្បូរណ៍សប្បាយ។ សន្លឹកឆ្នោតមួយសន្លឹកៗរបស់ប្រជាពលរដ្ឋ គឺជាខ្សែតីវាយវ័ធទៅលើមន្ត្រីខិលខូច ពុករលួយ បក្សពួកនិយម ដែលដើរឆ្ងាយពីសភាពការណ៍ជាក់ស្តែង និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ” ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក គិន ភា ។

លោកថា ទន្ទឹមនឹងនោះ សន្លឹកឆ្នោតមួយសន្លឹកៗរបស់ប្រជាពលរដ្ឋ ក៏ជាអាវុធដ៏ស័ក្តិសិទ្ធសម្រាប់ ប្រដៅក្បាលអ្នកនយោបាយ ដែលពូកែភូតភរ កុហកបោកប្រាស់ សន្យាខ្យល់ និងធ្វើឲ្យចលាចលក្នុងសង្គមផងដែរ។ ប្រជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ គឺជាប្រជាពលរដ្ឋដែលចេះប្រើប្រាស់សិទ្ធិ របស់ខ្លួនបានត្រឹមត្រូវតាមរយៈសន្លឹកឆ្នោតរបស់ខ្លួន។ មិនគួរដោយសារតែការជាប់រវល់បន្តិចបន្តួច ផលប្រយោជន៍បន្តិចបន្តួច ឬលង់នឹងការសន្យាណាមួយ បានធ្វើឲ្យខកខាន ឬប្រើប្រាស់សិទ្ធិរបស់ខ្លួនមិនបានត្រឹមត្រូវនោះទេ។

លោកសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់មានសិទ្ធិបោះឆ្នោត និងបានចុះឈ្មោះបោះឆ្នោត នឹងអញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សឃុំ-សង្កាត់ឲ្យបានគ្រប់ៗគ្នា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាក់ជាមិនខាន ដើម្បីជ្រើសរើសអ្នកតំណាងនៅឃុំ-សង្កាត់៕

To Top