នយោបាយ

លោក ឃួង ស្រេង ដឹកនាំក្បួនឃោសនាបោះឆ្នោត ជាមួយសមាជិក សមាជិកា ចូលរួមប្រមាណជាង​ ៣ម៉ឺននាក់ នៅ​រាជធានីភ្នំពេញ នាថ្ងៃចុងក្រោយ

ភ្នំពេញ៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំដង្ហែរក្បួនឃោសនា ក្នុងរូបភាពទ្រុងទ្រាយធំសម្បើម ដឹកនាំដោយ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋ សមាជិក សមាជិកា ចូលរួមប្រមាណ ជាង៣ម៉ឺននាក់ ។ នេះបើតាមការអោយដឹង​ ពីក្រុមមន្ត្រីដែលរៀបចំ ក្បួនឃោសនានៅថ្ងៃចុងក្រោយនេះ។

ក្បួនឃោសនាត្រូវបានរៀបចំ នៅទីតាំងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ដោយក្បាលក្បួននៅលើផ្លូវ៦០ម៉ែត្រ ចំណែកកន្ទុយក្បួន នៅជិតស្ពានព្រែកជ្រៃ។ ក្បួនដង្ហែរត្រូវបានធ្វើឡើង តាមមហាវិថី,តិរៈវិថី, និងផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបានមកបន្តជួបជុំ និងបញ្ចប់នៅកោះពេជ្រ ខណ្ឌចំការមន។ ជាមួយគ្នានេះនៅតាមបណ្តាខណ្ឌទាំង១៤ ក៏បានដង្ហែរក្បួនតាមខណ្ឌរបស់ខ្លួន យ៉ាងកងរំពងដែលបង្ហាញឲ្យឃើញ ពីឋាមពលដ៏ខ្លាំងក្លារបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការដណ្តើមយកប្រៀបខ្លាំង ប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៥ មិថុនានេះ ។

លោក ឃួង ស្រេង បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានសមត្ថភាពពិតនិងគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាជាតិធំៗ បាននាំមកនូវសន្តិភាពពេញប្រទេស និងមានការអភិវឌ្ឍរីកចំរើនយ៉ាងខ្លាំក្លា ឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ។ ជាក់ស្តែងពិធីដ៏គគ្រឹកគ្រេងនេះ ពិតជាបង្ហាញអោយយ៉ាងច្បាស់ ពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្តរួមគ្នា ដណ្តើមជ័យជំនៈក្នុងការបោះឆ្នោត​ ក្រុមប្រឹក្សាសង្កាត់ នៅថ្ងៃទី៥មិថុនានេះ ដើម្បីបន្តដឹកនាំសង្កាត់ទាំង១០៥ នៅក្នុងរាជធានីភ្នំពេញ។ ការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែជួយគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះទេ តែបានជម្រុញអោយកម្ពុជា កាន់តែអភិវឌ្ឍរីកចំរើន កាន់តែខ្លាំងឡើង។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានធ្វើការផ្តាំផ្ញើ អោយមន្ត្រីរបស់បក្ស ក៏ដូចជាសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន នូវច្បាប់ស្តីពីការបោះឆ្នោត របស់គណៈកម្មាធិការបោះឆ្នោត ដើម្បីទទួលបាន នូវការឈ្នះឆ្នោតដោយភាពថ្លៃថ្នូរ និងកុំផឹកគ្រឿងស្រវឹង នៅថ្ងៃទី៤និងទី៥មិថុនា ដោយប្រែក្លាយពីសមាជិក ឬសមាជិការម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា៕

To Top